ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃអាទិត្យ (០៣ សីហា) បានបង្ហើបថា ទីក្រុងគីវកំពុងត្រៀមរៀបចំកិច្ចប្រជុំចរចាថ្មីមួយជាមួយភាគីរុស្ស៊ី នៅក្រុងអ៊ីស្តង់ប៊ុល ហើយក៏បានបញ្ជាក់ពីការត្រៀមផ្លាស់ប្តូរឈ្លើយសឹកសង្រ្គាម ដែលបានពិភាក្សាពីមុនជាមួយរុស្ស៊ី ដោយទីក្រុងមូស្គូ ក៏បានលើកឡើងរួចមកហើយអំពីការដោះដូរនេះ។

នៅក្នុងការបង្ហោះលើបណ្ដាញផ្ញើសារតេលេក្រាម លោក Zelenskiy បាននិយាយថាបញ្ជីឈ្មោះឈ្លើយសឹក ១.២០០នាក់ កំពុងត្រូវបានរៀបចំសម្រាប់ការដោះដូរនេះ។ អ្នកចរចារុស្ស៊ី ធ្លាប់បានលើកឡើងពីតួលេខនោះ ក្នុងអំឡុងពេលកិច្ចចរចាដោយផ្ទាល់ជាមួយសមភាគីអ៊ុយក្រែនរបស់ពួកគេនៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃទី ២៣ ខែកក្កដា ខណៈអ៊ុយក្រែន មិនបានបញ្ចេញតួលេខទេនៅពេលនោះ។
បន្ទាប់ពីកិច្ចប្រជុំជាមួយប្រមុខអ្នកចរចាអ៊ុយក្រែន Rustem Umerov លោក Zelenskiy បាននិយាយថា ការផ្លាស់ប្តូរនេះនឹងរួមបញ្ចូលជនស៊ីវិល ក៏ដូចជាទាហានផងដែរ។ លោកបន្ថែមថា ការត្រៀមខ្លួនធ្វើកិច្ចប្រជុំមួយទៀតជាមួយភាគីរុស្ស៊ី ក៏កំពុងដំណើរការផងដែរ ដោយមិនបានបញ្ជាក់ពីកាលបរិច្ឆេទនោះទេ។
នៅចុងខែកក្កដា លោក Zelenskiy និយាយថា មនុស្សសរុបចំនួន ៥.៨៥៧នាក់ ត្រូវបានបញ្ជូនត្រឡប់ទៅអ៊ុយក្រែនវិញពីការឃុំឃាំងរបស់រុស្ស៊ី ចាប់តាំងពីប្រតិបត្តិការយោធាពិសេសរបស់ទីក្រុងមូស្គូ នៅខែកុម្ភៈ ឆ្នាំ២០២២។ ភាគីទាំងពីរបានដោះលែងឃ្លើយសឹកចុងក្រោយបំផុតក្នុងខែកក្កដា ដោយបញ្ចប់ការផ្លាស់ប្តូរជាដំណាក់កាលដែលបានព្រមព្រៀងគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី នៅចុងខែមិថុនានៃចំនួន ១.២០០នាក់ពីភាគីនីមួយៗ៕

