ភ្នំពេញ៖ នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីការពារកូវីដ-១៩។ សម្តេចបញ្ជាក់ថា គ្មានជម្រើសអ្វីឱ្យល្អជាងការចាក់វ៉ាក់សាំងគួបផ្សំជាមួយវិធានការសុខាភិបាល៣ការពារ និង៣កុំនោះទេ។
នេះបើយោងតាមហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនៅព្រឹកថ្ងៃទី១៤ ខែមករាឆ្នាំ ២០២២នេះ ដោយសម្ដេចតេជោ មានប្រសាសន៍ថា ថ្ងៃនេះខ្ញុំ និងភរិយាចាក់វ៉ាក់សាំងដូសជំរុញដើម្បីការពារកូវីដ.១៩។ សម្ដេច បានបញ្ជាក់ទៀតថា គ្មានជម្រើសអ្វីឱ្យល្អជាងការចាក់វ៉ាក់សាំងគួបផ្សំជាមួយវិធានការសុខាភិបាល៣ការពារ និង៣កុំនោះទេ។
សម្ដេច មានប្រសាសន៍ថា ខ្ញុំមានកម្លាំងការពារយ៉ាងរឹងមាំនៅគ្រប់ទីកន្លែងតែពួកគាត់មិនអាចការពារខ្ញុំមិនឱ្យឆ្លងកូវីដ.១៩បានឡើយ។ ប្រពន្ធនិងកូនៗព្រមទាំងចៅៗរបស់ខ្ញុំក៏មិនអាចការពារខ្ញុំបានដែរ។ និយាយរួមគ្មានអ្នកណាអាចការពារខ្ញុំបានឡើយគឺមានតែរូបខ្ញុំខ្លួនឯងប៉ុណ្ណោះទើបអាចការពារខ្លួនខ្ញុំបាន។
សម្តេចតេជោ ហ៊ុន សែន ក៏សូមបងប្អូនជនរួមជាតិអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាទាំងដូសមូលដ្ឋានទាំងដូសជំរុញដើម្បីការពារខ្លួនយើង គ្រួសារយើង ភូមិ ឃុំយើងនិងជាតិយើង៕



