សមាជិកសហជីពជាង ៣.២០០នាក់ ដែលជាបុគ្គលិកផលិតយន្តហោះចម្បាំងថ្មីរបស់ក្រុមហ៊ុនប៊ូអ៊ីង នៅតំបន់ St. Louis ហើយនិងរដ្ឋ Illinois របស់សហរដ្ឋអាមេរិក បានសម្រុកធ្វើកូដកម្មនាថ្ងៃចន្ទ (០៤ សីហា) នេះ បន្ទាប់ពីបានបដិសេធការផ្តល់ជូនរបស់ប៊ូអ៊ីង ក្នុងកិច្ចសន្យាការងារជាលើកទីពីរកាលពីថ្ងៃអាទិត្យ ដោយទាមទារឱ្យមានលក្ខខណ្ឌប្រសើរជាងនេះ។

ក្រុមហ៊ុនប៊ូអ៊ីងផ្នែកការពារជាតិ បាននិយាយថា ខ្លួនបានត្រៀមរួចរាល់ហើយសម្រាប់ការផ្អាកធ្វើការងាររបស់បុគ្គលិក ហើយខ្លួននឹងអនុវត្តផែនការបន្ទាន់ដែលប្រើប្រាស់កម្មករបណ្ដោះអាសន្ន។
យោងតាមក្រុមហ៊ុនប៊ូអ៊ីងបានឱ្យដឹងថា កិច្ចសន្យាការងាររយៈពេល ៤ឆ្នាំ ដែលត្រូវបានបុគ្គលិកច្រានចោលនោះ នឹងមើលឃើញការបង្កើនប្រាក់ឈ្នួលជាមធ្យមយ៉ាងច្រើនប្រហែល ៤០% និងរួមបញ្ចូលការដំឡើងប្រាក់ឈ្នួលទូទៅ ២០% និងប្រាក់រង្វាន់ពេលចុះកិច្ចសន្យាការងារចំនួន ៥.០០០ដុល្លារ ហើយក៏រួមបញ្ចូលផងដែរនូវការដំឡើងប្រាកខែតាមកាលកំណត់ ពេលវេលាវិស្សមកាលកាន់តែច្រើន និងច្បាប់ឈប់សម្រាកពេលមានជំងឺ។
ប្រធានសហជីពកម្មករដែលកំពុងតវ៉ានេះបាននិយាយនៅក្នុងសេចក្ដីថ្លែងការន៍មួយថា៖ សមាជិកសហជីពនៃសមាគមអន្តរជាតិនៃគ្រឿងម៉ាស៊ីន និងកម្មករអវកាស ៨៣៧ "ស័ក្តិសមនឹងទទួលបានកិច្ចសន្យាការងារល្អជាងនេះ ដែលឆ្លុះបញ្ចាំងពីជំនាញ ការយកចិត្តទុកដាក់ និងតួនាទីដ៏សំខាន់របស់ពួកគេក្នុងវិស័យការពារជាតិ"៕

