ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសៅរ៍ (០២ សីហា) ថា ការវាយប្រហារនាពេលថ្មីៗនេះដោយក្រុមប្រដាប់អាវុធនៅភាគខាងជើងប្រទេសម៉ូហ្សំប៊ិក បានជម្លៀសមនុស្សរាប់ម៉ឺននាក់ក្នុងខែកក្កដាតែមួយប៉ុណ្ណោះ ដោយធ្វើឱ្យវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងររួចទៅហើយ កាន់តែស៊ីជម្រៅថែមទៀតនៅក្នុងទីក្រុង Cabo Delgado និងប៉ះពាល់ដល់ការផ្គត់ផ្គង់ជំនួយ។
យោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានឱ្យដឹងថា ការវាយប្រហារដោយក្រុមប្រដាប់អាវុធចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែកក្កដា បានបង្កឱ្យមានការរត់ភៀសខ្លួនយ៉ាងហោចណាស់សម្រាប់មនុស្ស ៤៦.៦៦៧នាក់ នៅទូទាំងស្រុក Chiúre, Ancuabe និង Muidumbe ។

ទិន្នន័យរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ចាប់តាំងពីខែមករាមក មនុស្សជាង ៩៥.០០០នាក់ បានភៀសខ្លួនចេញពីភាពអសន្តិសុខនៅក្នុងទីក្រុង Cabo Delgado ហើយលទ្ធភាពទទួលបានជំនួយមនុស្សធម៌កាន់តែមានភាពផុយស្រួយ។ OCHA បាននិយាយនៅក្នុងព្រឹត្តិបត្រមនុស្សធម៌កាលពីថ្ងៃសៅរ៍ដដែលនោះថា "អសន្តិសុខនៅតែបន្តកើតមានយ៉ាងអាក្រក់"។
របាយការណ៍ជាច្រើនបានបង្ហាញពីចំនួនកុមារសន្ធឹកសន្ធាប់នៅម៉ូហ្សំប៊ិក ដែលរត់ភៀសខ្លួនដោយពុំមានអ្នករួមដំណើរ ឬវង្វេងពីគ្រួសារ។ យោងតាមដៃគូមនុស្សធម៌របស់ OCHA បានឱ្យដឹងថា អាហារ ទីជម្រក និងរបស់របរមិនមែនស្បៀងអាហារផ្សេងទៀត ក៏ត្រូវបានរាយការណ៍ថាជាតម្រូវការបន្ទាន់បំផុតផងដែរសម្រាប់ជនភៀសខ្លួនទាំងនោះ៕

