មនុស្សរាប់សិបនាក់ បានចូលរួមក្នុងការធ្វើបាតុកម្មដង្ហែរតាមដងផ្លូវនៅទីក្រុងហ្សេរុយសាឡឹម និងទីក្រុង Tel Aviv កាលពីថ្ងៃអាទិត្យ ដោយទាមទារឱ្យនគរបាលអ៊ីស្រាអែល បញ្ជូនសាកសពរបស់ពលរដ្ឋប៉ាឡេស្ទីន លោក Awdah Hathaleen ដែលតាមចោទប្រកាន់ថាត្រូវបានបាញ់សម្លាប់ដោយអ្នកតាំងលំនៅអ៊ីស្រាអែល កាលពីសប្តាហ៍មុន។

អ្នកចូលរួមក្នុងការតវ៉ា ក៏បានទាមទារឱ្យមានការដោះលែងអ្នកភូមិមួយចំនួនជាបន្ទាន់ដែលត្រូវបានចាប់ខ្លួនដោយកងកម្លាំងអ៊ីស្រាអែលនៅក្នុងយុទ្ធនាការមួយនៅទូទាំងសហគមន៍ក្នុងតំបន់កាន់កាប់ West Bank នៅក្នុងប៉ុន្មានថ្ងៃចាប់តាំងពី លោក Hathaleen ត្រូវបានសម្លាប់។
លោក Oren Ziv អ្នកសារព័ត៌មាន បាននិយាយថា សកម្មជនបួននាក់ត្រូវបានចាប់ខ្លួននៅក្នុងការតវ៉ានៅទីក្រុង Tel Aviv។ ទន្ទឹមគ្នានេះដែរ ស្ត្រីចំនួន៦០នាក់មកពីសហគមន៍ Masafer Yatta ប៉ាឡេស្ទីន ពេលនេះកំពុងធ្វើកូដកម្មអត់អាហារ ខណៈនគរបាលអ៊ីស្រាអែលបដិសេធមិនប្រគល់សាកសពរបស់សកម្មជនប៉ាឡេស្ទីន Awdah Hathaleen មួយសប្តាហ៍បន្ទាប់ពីលោកត្រូវបានបាញ់សម្លាប់ដោយអ្នកតាំងលំនៅអ៊ីស្រាអែល។
