ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានថ្លែងថា រដ្ឋាភិបាលបារាំងនៅតែបន្តផ្តល់អហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជាដដែល បើទោះបីខ្លួនកំពុងជួបនូវវិបត្តិកូវីដ១៩ក្តី ខណៈការផ្តល់នេះ គឺជាការរួមចំណែករបស់បារាំងក្នុងការជួយលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លាឡើងបន្ថែមទៀត។
ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីរៀបចំពិធីទទួលស្វាគមន៍គ្រូពេទ្យវ័យក្មេងកម្ពុជា ចំនួន៧៩នាក់ ដែលបានបញ្ចប់កម្មសិក្សារយៈពេលមួយឆ្នាំនៅតាមមន្ទីរពេទ្យនានា នៅប្រទេសបារាំង នាល្ងាចថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២២នេះ នៅក្នុងស្ថានទូតបារាំងប្រចាំនៅកម្ពុជា លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានលើកឡើងថា គោលនយោបាយរបស់រដ្ឋាភិបាលបារាំងគ្មានអ្វីប្រែប្រួលនោះទេ ចំពោះការផ្តល់អាហារូបករណ៍ ដល់សិស្ស និស្សិតកម្ពុជាបើទោះបីនាពេលបច្ចុប្បន្នបារាំងកំពុងជួបនូវបញ្ហាផ្នែកសុខាភិបាល ឬហៅថាបញ្ហាមេរោគកូវីដ១៩ក្តី បារាំងនៅតែបន្តផ្តល់ជានិច្ច ពោលគឺនៅតែបន្តផ្តល់ចាប់ពី ១៥០ទៅ២០០ដដែលជាមធ្យមក្នុងមួយឆ្នាំៗនោះ។
លោក ហ្សាក់ ប៉ឺឡេ បានបញ្ជាក់ទៀតថា និស្សិតកម្ពុជា ដែលបានទៅសិក្សានៅប្រទេសបារាំង តាមរយៈអាហារូបករណ៍ដែលរដ្ឋាភិបាលបារាំងបានផ្តល់ជូននេះ គឺមានជំនាញទូទៅ ដូចជាផ្នែកច្បាប់ អក្សរសាស្ត្រ ពេទ្យ វិស័យអប់រំ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិស័យជាច្រើនទៀត។
លោក ហ្សាក់ ប៉ឺឡេ បានលើកឡើងទៀតថា សុខាភិបាលស្ថិតនៅក្នុងចំណោមវិស័យនានា នៃភាពជាដៃគូដែលមានតាំងពីយូរលង់ណាស់មកហើយរវាងបារាំង និងកម្ពុជា ហើយក៏ជាវិស័យដ៏រស់រវើក និងសំខាន់បំផុតមួយផងដែរ។ ចាប់តាំងពីឆ្នាំ១៩៩៦មក និស្សិតកម្ពុជាផ្នែកវេជ្ជសាស្រ្ត និងឱសថសាស្រ្តជិតមួយពាន់នាក់ បានទៅបន្តការសិក្សានៅប្រទេសបារាំង ដើម្បីចាប់យកជំនាញវេជ្ជសាស្រ្ត ផ្សេងៗក្នុងក្របខ័ណ្ឌកម្មវិធី DFMS/A (សញ្ញាប័ត្របណ្តុះបណ្តាលវេជ្ជសាស្រ្តជំនាញ/វេជ្ជសាស្រ្តជាន់ខ្ពស់)។
ក្នុងចំណោម ៤៤ប្រទេសកម្ពុជាស្ថិតក្នុងលំដាប់ទី៤នៃប្រទេសដែលបញ្ជូននិស្សិតទៅសិក្សាផ្នែកសុខាភិបាលនៅបារាំងច្រើនជាងគេ។
ក្រៅពីការបណ្តុះបណ្តាល ប្រទេសបារាំងក៏ផ្តល់ការគាំទ្រផងដែរដល់ការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តនៅកម្ពុជា តាមរយៈការផ្តល់ជំនួយដល់គម្រោងនានា និងការបញ្ជូនមន្ត្រីជំនាញឱ្យមកបំពេញការងារនៅកម្ពុជា ដូចជាអ្នកជំនាញរបស់ទីភ្នាក់ងារ ANRS (ទីភ្នាក់ងារជាតិបារាំងសម្រាប់ការស្រាវជ្រាវវិស័យសុខាភិបាល)។
ប្រទេសបារាំងក៏ជាអ្នកផ្តល់ជំនួយធំទី២ ដល់មូលនិធិសាកលសម្រាប់ប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ ដែលផ្តល់ជំនួយដល់ប្រទេសកម្ពុជាយ៉ាងហោចណាស់ ១០៨លានដុល្លារសម្រាប់ឆ្នាំ២០២១-២០២៣៕ អត្ថបទ៖ បាន ចក់


