ទីក្រុងប៉េកាំងបានប្រកាសជូនដំណឹងដល់តំបន់ភ្នំភាគច្រើនរបស់ខ្លួនឲ្យប្រុងប្រយ័ត្នខ្ពស់បំផុត អំពីការមានភ្លៀងធ្លាក់ខ្លាំង នៅថ្ងៃចន្ទ (ទី៤ ខែសីហា) នេះ ហើយបានហាមអ្នកស្រុកកុំឲ្យចេញទៅក្រៅ ប្រសិនបើមិនចាំបាច់ បន្ទាប់ពីមនុស្សរាប់សិបនាក់ បានស្លាប់ថ្មីៗនេះ ដោយសារទឹកជំនន់ដ៏អាក្រក់បំផុតជាលើកដំបូង ដែលបានកើតមាននៅរដ្ឋធានីរបស់ប្រទេសចិនមួយនេះ គិតចាប់តាំងពីឆ្នាំ២០១២ មក។

អ្នកព្យាករណ៍អាកាសធាតុ បានព្រមានថា កម្រិតទឹកភ្លៀងរហូតដល់ ២០០មីលីម៉ែត្រ អាចមាននៅតំបន់ខ្លះនៃទីក្រុងប៉េកាំងរយៈពេល ៦ម៉ោង ចាប់ពីថ្ងៃត្រង់។ ទីក្រុងដែលមានប្រជាជន ២២លាននាក់នេះ មានទឹកភ្លៀងជាមធ្យម ៦០០មីលីម៉ែត្រ ក្នុងមួយឆ្នាំ។
គួរបញ្ជាក់ថា កាលពីចុងខែកក្កដា មនុស្សយ៉ាងតិច ៤៤នាក់ បានបាត់បង់ជីវិត នៅក្នុងទីក្រុងប៉េកាំង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ។ អ្នកស្លាប់ភាគច្រើន គឺជាមនុស្សដែលជាប់ភ្លាមៗនៅក្នុងទឹកដែលហក់ឡើងយ៉ាងឆាប់រហ័ស នៅឯមណ្ឌលថែទាំមួយកន្លែង ក្នុងតំបន់ Miyun នៅជាយក្រុងភាគឦសានរបស់ទីក្រុងនេះ។ ការស្លាប់នេះបាននាំឲ្យអាជ្ញាធរទទួលស្គាល់នូវកង្វះខាតនៅក្នុងផែនការបន្ទាន់របស់ពួកគេ ក្នុងការទប់ទល់នឹងអាកាសធាតុអាក្រក់ខ្លាំង។
កាលពីថ្ងៃទី៤ ខែកក្កដា ទីក្រុងប៉េកាំងបានដាក់តំបន់ចំនួន ៦ ក្នុងចំណោមតំបន់ ១៦ របស់ខ្លួន ស្ថិតក្នុងការប្រកាសអាសន្នខ្ពស់បំផុត អំពីការមានភ្លៀងធ្លាក់ខ្លាំង ដែលទាំងអស់ គឺជាតំបន់ភ្នំ នៅភាគខាងលិច និងភាគខាងជើងនៃទីក្រុង។ ហើយជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានបានព្រមានថា ហានិភ័យនៃការមានទឹកជំនន់គំហុកភ្លាមៗ និងបំណាក់ដី គឺ «ខ្ពស់ខ្លាំងណាស់»៕

