ការដាក់អត្រាពន្ធគយយ៉ាងទូលំទូលាយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានចាប់ផ្តើមប្រមូលប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ឲ្យរដ្ឋាភិបាលសហព័ន្ធរួចហើយ ដោយនេះជាប្រភពចំណូលថ្មី សម្រាប់ប្រទេសមានបំណុលច្រើន ពោលគឺជាអ្វីដែលអ្នកបង្កើតគោលនយោបាយអាមេរិក អាចចាប់ផ្តើមពឹងផ្អែកលើយុទ្ធសាស្ត្រនេះ។
ជាផ្នែកនៃដំណើរបេសកកម្ម ក្នុងការរៀបចំប្រព័ន្ធពាណិជ្ជកម្មសកល លោក Trump បានដាក់អត្រាពន្ធគយយ៉ាងខ្ពស់ លើដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដោយភាគច្រើននឹងចូលជាធរមាននៅថ្ងៃទី៧ ខែសីហា។ សូម្បីតែនៅមុនពេលអត្រាពន្ធចុងក្រោយចាប់ផ្តើមចូលមាន ប្រាក់ចំណូលពីពន្ធដែលប្រមូលបានលើទំនិញនាំចូល បានកើនឡើងយ៉ាងខ្លាំង រហូតមកដល់ពេលនេះ នៅក្នុងឆ្នាំ២០២៥ នេះ។ ហើយបើយោងតាមទិន្នន័យពីក្រសួងរតនាគារ បានឲ្យដឹងថា កាពត្វកិច្ចពន្ធគយ រួមជាមួយនឹងពន្ធអាករមួយចំនួន បង្កើតបានទឹកប្រាក់ ១៥២ពាន់លានដុល្លារ រហូតដល់ខែកក្កដា ដែលប្រហែលកម្រិតទ្វេដងនៃចំនួន ៧៨ពាន់លានដុល្លារដែលប្រមូលបានក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំសារពើពន្ធឆ្នាំ២០២៤។

ជាការពិតណាស់ លោក Trump បានលើកឡើងជាប្រចាំនូវចំណូលពន្ធ ជាភស្តុតាង ដែលថា វិធីសាស្រ្តពាណិជ្ជកម្មរបស់លោក ដែលបានបង្កឲ្យមានភាពមិនច្បាស់លាស់ និងចាប់ផ្តើមធ្វើឲ្យអ្នកប្រើប្រាស់ចំណាយខ្ពស់ជាងមុននោះ គឺជាជ័យជម្នះ សម្រាប់សហរដ្ឋអាមេរិក។
ហើយសមាជិកនៃរដ្ឋបាលរបស់លោកបានអះអាងថា ប្រាក់ដែលបានមកពីពន្ធនេះ នឹងជួយបិទចន្លោះប្រហោងដោយសារការកាត់ពន្ធយ៉ាងទូលំទូលាយដែលសភាបានអនុម័តកាលពីខែកក្កដា ជាអ្វីដែលត្រូវបានគេរំពឹងថា នឹងធ្វើឲ្យរដ្ឋាភិបាលខាតបង់យ៉ាងហោចណាស់ ៣,៤សែនកោដិដុល្លារ។ បណ្ដាអ្នកវិភាគរំពឹងថា វិធានការដំឡើងពន្ធនេះ ប្រសិនបើនៅអនុវត្ត អាចប្រមូលប្រាក់ចំណូលបន្ថែមបានជាង ២សែនកោដិដុល្លារ ក្នុងទសវត្សរ៍ក្រោយ។ យ៉ាងណាក្ដី សេដ្ឋវិទូសង្ឃឹមយ៉ាងលើសលប់ថា វិធីសាស្ត្រនេះនឹងមិនកើតឡើងនោះឡើយ ហើយសហរដ្ឋអាមេរិកនឹងបោះបង់ចោលរបាំងពាណិជ្ជកម្មថ្មីនេះ ប៉ុន្តែអ្នកខ្លះទទួលស្គាល់ថា លំហូរនៃប្រាក់ចំណូលដ៏ច្រើនបែបនេះ អាចជារឿងពិបាកក្នុងការបញ្ចប់វិធានការបែបនេះ៕


