ថ្នាក់ដឹកនាំនៃសភាសម្ព័នសហជីពជាតិកម្ពុជា (NACC) និងកម្មករនិយោជិត បានចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួនជូនដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារកងទ័ព ដែលជាជនភៀសសឹក ស្ថិតនៅជំរុំភៀសសឹក នៅខេត្តឧត្តរមានជ័យ។
លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័នសហជីពជាតិកម្ពុជា បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ជំនួយសប្បុរសធម៌ទាំងអស់នេះ បានមកពីការឧបត្ថម្ភពីសំណាក់ម្ចាស់រោងចក្រ សហគ្រាស កម្មករ កម្មការិនី និងសប្បុរសជនផ្សេងៗទៀត ក្នុងគោលបំណងជួយសម្រួលដល់ទុក្ខលំបាកខ្លះៗរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងជួបការលំបាក។
នៅក្នុងឱកាសនេះដែរ ប្រធានសភាសម្ព័នសហជីពជាតិកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តផ្តល់ជំនឿជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងរក្សានូវភាពស្ងៀមស្ងាត់ ដោយអត់ធ្មត់ ខណៈរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លោកកំពុងតែខិតខំព្យាយាមពុពារទាំងផ្លូវយុត្តិសាស្រ្តការពារជាតិផង និងផ្លូវការទូតផង ធ្វើយ៉ាងណាឲ្យអន្តរជាតិបានដឹងឮនូវទង្វើរបស់ថៃមកលើកម្ពុជា ដើម្បីទាមទារយុត្តិធម៌ជូនវីរកងទ័ពខ្មែរ ដែលបានពលីជីវិតនៅសមរភូមិ និងដើម្បីកម្ពុជាទទួលបានសុខសន្តិភាពត្រឡប់មកវិញ។
សូមជំរាបជូនថា អំណោយដែលសភាសម្ព័នសហជីពជាតិកម្ពុជា និងកម្មករនិយោជិត ប្រគល់ជូនដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារកងទ័ព ដែលជាជនភៀសសឹក នៅខេត្តឧត្តរមានជ័យ មានដូចជា៖ អង្ករ , ទឹកត្រី , ទឹកស៊ីអ៊ីវ, សៀងផ្អែម, មីកញ្ចប់, តង់, កន្សែង, កន្ទេល, Power Bank , សារ៉ុង, នំកញ្ចប់ និងថវិការមួយចំនួនថែមទៀត៕ អត្ថបទ៖ ឈិត បូរ៉ាវី








