ប្រធានាធិបតិអាមេរិកឡាទីនលោក Luiz Inacio Lula da Silva បាននិយាយថា ប្រទេសប្រេស៊ីល អាចកាត់បន្ថយការពឹងផ្អែករបស់ខ្លួន លើសហរដ្ឋអាមេរិក និងកសាងទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ ជាមួយប្រទេសភាគច្រើន នៅក្នុងពិភពលោក។
ប្រព័ន្ធផ្សព្វផ្សាយ Brasil247 បានដកស្រង់សម្តីរបស់លោកដែលបានថ្លែងថា៖«សព្វថ្ងៃនេះ ប្រេស៊ីលមិនពឹងផ្អែកលើសហរដ្ឋអាមេរិកដូចពីមុនទេ។ ប្រេស៊ីលឥឡូវនេះរក្សាទំនាក់ទំនងពាណិជ្ជកម្មធំទូលាយជាមួយពិភពលោកទាំងមូល។ ខណៈពេលដែលសេដ្ឋកិច្ចដើរទៅមុខ យើងមានឱកាសកាន់តែច្រើន»។

យោងតាមប្រធានាធិបតីរូបនេះ ប្រេស៊ីលយល់ពីតម្លៃនៃទំនាក់ទំនងជាមួយអាមេរិក ប៉ុន្តែមិនមានគម្រោងចុះចាញ់ទីក្រុងវ៉ាស៊ីនតោនលើបញ្ហានានាដែលអាចប៉ះពាល់ដល់អធិបតេយ្យភាពជាតិនោះទេ។ ជាពិសេស លោក Lula da Silva បានសង្កត់ធ្ងន់ថា ការគំរាមកំហែងរបស់ទីក្រុងវ៉ាស៊ីនតោន នឹងមិនធ្វើឲ្យថ្នាក់ដឹកនាំប្រេស៊ីល បោះបង់ការស្វែងរកឧបករណ៍ទូទាត់ជំនួស ជាមួយដៃគូ BRICS របស់ខ្លួនឡើយ។
មេដឹកនាំប្រេស៊ីល បានសង្កត់ធ្ងន់ថា៖«ខ្ញុំនឹងមិនបោះបង់ជំនឿរបស់ខ្ញុំចំពោះតម្រូវការ ដើម្បីបង្កើតរូបិយប័ណ្ណជំនួសសម្រាប់ពួកយើង ដើម្បីធ្វើពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀត»។
នាពេលមុននេះ សេតវិមាន បានយកពន្ធ ៥០% លើទំនិញប្រេស៊ីលមួយចំនួន។ លោកប្រធានាធិបតីប្រេស៊ីល បានប្តេជ្ញាសងសឹកវិញ ប៉ុន្តែនៅពេលក្រោយ លោកបានបង្ហាញក្តីសង្ឃឹមថា គណៈប្រតិភូរបស់ប្រទេសដែលដឹកនាំដោយអនុប្រធានាធិបតីលោក Geraldo Alckmin នឹងអាចធានាបាននូវការពិនិត្យឡើងវិញនៃការដំឡើងពន្ធនេះ តាមរយៈការពិភាក្សា។
