កូរ៉េខាងត្បូងកំពុងត្រៀមប្រឈមនឹងការធ្លាក់ភ្លៀងខ្លាំងជាថ្មីម្ដងទៀត ក្នុងសប្តាហ៍នេះ ពោលគឺត្រឹមតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានកើតមានពាសពេញតំបន់នៅភាគខាងត្បូងនៃប្រទេស។
យោងតាមរដ្ឋបាលឧតុនិយមកូរ៉េ (KMA) នៅថ្ងៃចន្ទ (ទី៤ ខែសីហា) នេះថា ដុំពពកមេភ្លៀងស្ដើងៗ ត្រូវបានគេរំពឹងថា នឹងមានពាសពេញប្រទេស ចាប់ពីភាគខាងជើងទៅភាគខាងត្បូង ចន្លោះពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែសីហា។

នៅក្នុងសន្និសីទសារព័ត៌មានមួយ នាថ្ងៃទី៤ ខែសីហានេះ មន្ត្រី KMA លោក Gong Sang-min បានឲ្យដឹងថា៖ «ដុំពពកមេភ្លៀងដែលមានសណ្ឋាន និងលំនាំបែបនេះ អាចនាំមកនូវទឹកភ្លៀងដ៏ច្រើនលើសលប់ជាថ្មីម្ដងទៀត ដែលទំនងជាបង្កឲ្យមានទឹកជំនន់ នៅតាមតំបន់ ជាពិសេសនៅតំបន់ភាគខាងត្បូងដែលមានភ្លៀងធ្លាក់យ៉ាងខ្លាំងរួចទៅហើយ»។
ចន្លោះពីថ្ងៃទី៣ ដល់ព្រឹកថ្ងៃទី៤ សីហានេះ តំបន់ភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង មានភ្លៀងធ្លាក់ខ្លាំងលើសពី ១៩០មីលីម៉ែត្រ។ ហើយគិតត្រឹមម៉ោង ១០ព្រឹក ទីក្រុង Muan ខេត្ត South Jeolla បានជួបប្រទះនឹងកម្រិតទឹកភ្លៀង ២៨៩,៦មីលីម៉ែត្រ ខណៈដែលទីក្រុង Hapcheon ខេត្ត South Gyeongsang និង Gwangju បានមានទឹកភ្លៀងកម្រិតរៀងគ្នា ២១២,៧មីលីម៉ែត្រ និង១៩៧,៩មីលីម៉ែត្រ។
ចាប់ពីរសៀលថ្ងៃទី៦ ខែសីហា ពពកមេភ្លៀង នឹងហោះរសាត់ទៅភាគខាងត្បូង ដោយភ្លៀងធ្លាក់ខ្លាំងនឹងបន្តមានរហូតដល់ព្រឹកថ្ងៃទី៧ សីហា៕
