ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ (SNSC) បានធ្វើការសម្រេចចិត្តបង្កើតក្រុមប្រឹក្សាការពាររបស់ប្រទេសនេះ ដែលជាស្ថាប័នពិសេសមួយទទួលបន្ទុកការពារប្រទេស ពីការគំរាមកំហែងពីខាងក្រៅ។

លេខាធិការដ្ឋានរបស់ SBSC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ស្របតាមមាត្រា ១៧៦ នៃរដ្ឋធម្មនុញ្ញ ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលនេះ បានអនុម័តការបង្កើតក្រុមប្រឹក្សាការពារប្រទេស»។ ក្រុមប្រឹក្សាដែលទើបបង្កើតថ្មី នឹងត្រូវដឹកនាំដោយប្រធានាធិបតី ហើយនឹងរួមបញ្ចូលប្រធានតុលាការ ប្រធានសភា មន្ត្រីជាន់ខ្ពស់ និងរដ្ឋមន្ត្រីមួយចំនួនទៀត។
ក្រុមប្រឹក្សានេះ នឹងត្រូវផ្តល់ភារកិច្ចឲ្យលម្អិតផែនការសម្រាប់ការពារប្រទេស និងបង្កើនសមត្ថភាពប្រយុទ្ធរបស់កងទ័ពអ៊ីរ៉ង់។
ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង ចំពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គំរាមវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ប្រសិនបើលោកមើលឃើញថា ទីក្រុងតេអេរ៉ង់កំពុងស្វែងរកការស្តារឡើងវិញនូវសក្តានុពលនុយក្លេអ៊ែររបស់ខ្លួន។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានព្រមានអំពីការឆ្លើយតបដ៏ខ្លាំងក្លារបស់អ៊ីរ៉ង់ ក្នុងករណីមានការឈ្លានពានជាថ្មី។
