ចិន៖ ទីក្រុងប៉េកាំងបានវាយបកទៅនឹងរបាយការណ៍ថ្មីមួយពីសហរដ្ឋអាមេរិកដែលនិយាយថា ការអះអាងសិទ្ធិដែនសមុទ្ររបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងគឺជារឿងខុសច្បាប់ ដោយហៅរបាយការណ៍នោះថាធ្វើឲ្យមានការយល់ច្រឡំ និងបំភ្លៃច្បាប់អន្តរជាតិ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ការសិក្សាដែលបានបញ្ចេញកាលពីថ្ងៃពុធគឺជាការបំភ្លៃច្បាប់អន្តរជាតិ ធ្វើឲ្យសាធារណជនយល់ច្រឡំ សាបព្រួសការមិនចុះសម្រុងគ្នា និងបង្កភាពតានតឹងក្នុងតំបន់។

លោកបានចង្អុលបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា មិនដូចជាប្រទេសចិន សហរដ្ឋអាមេរិកពុំបានផ្តល់សច្ចាប័នដល់អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់ដែនសមុទ្រទេ ហើយចាត់ទុកខ្លួនឯងជាគណៈវិនិច្ឆ័យលើសន្ធិសញ្ញានេះ។ របាយការណ៍កម្រាស់ ៤៧ទំព័របាននិយាយលម្អិតពីសំណុំរឿងប្រឆាំងនឹងទីក្រុងប៉េកាំង របស់ទីក្រុងវ៉ាស៊ីនតោនដោយបង្ហាញថា មូលដ្ឋានភូមិសាស្ត្រ និងប្រវត្តិសាស្ត្រដែលចិនអះអាងថា ជារបស់ខ្លួនគឺមិនស្របទៅនឹងច្បាប់អន្តរជាតិទេ ក្រោមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីច្បាប់ដែនសមុទ្រ។ លោក Wang បានច្រានចោលរបាយការណ៍របស់សហរដ្ឋអាមេរិកដោយនិយាយថា “ក្នុងនាមជាប្រទេសក្រៅទឹកដី សហរដ្ឋអាមេរិកតែងតែបង្កើតជម្លោះនៅសមុទ្រចិនខាងត្បូង និងបង្កភាពមិនចុះសម្រុងគ្នាក្នុងចំណោមប្រទេសក្នុងតំបន់។ នេះគឺរឿងមិនសមហេតុផលទាំងស្រុង ហើយសហគមន៍អន្តរជាតិមើលឃើញបញ្ហានេះយ៉ាងច្បាស់ក្រឡែត៕
អត្ថបទ៖ សុខមាន