អ៊ីរ៉ង់ នៅថ្ងៃចន្ទ (ទី៤ ខែសីហា)នេះ បានលើកឡើងថា ខ្លួននឹងឲ្យសហរដ្ឋអាមេរិកទទួលខុសត្រូវ ចំពោះការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងការចរចានាពេលអនាគត ខណៈពេលដែលបដិសេធការចរចា ដោយផ្ទាល់ជាមួយទីក្រុងវ៉ាស៊ីនតោន។
សហរដ្ឋអាមេរិកបានវាយប្រហារទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់ កាលពីថ្ងៃទី២២ ខែមិថុនា ដោយបានចូលរួមរយៈពេលខ្លី ក្នុងសង្គ្រាមដែលបានចាប់ផ្តើមឡើងដោយអ៊ីស្រាអែល ជាហេតុការណ៍ដែលបានបន្ទច់បង្អាក់កិច្ចពិភាក្សា ស្តីពីកម្មវិធីបរមាណូរបស់ទីក្រុងតេអេរ៉ង់។
នៅឯសន្និសីទសារព័ត៌មាន នាថ្ងៃទី៤ ខែសីហានេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បានប្រាប់ថា៖ «នៅក្នុងការចរចាណាមួយ នាពេលខាងមុខ បញ្ហាឲ្យសហរដ្ឋអាមេរិកទទួលខុសត្រូវ និងទាមទារសំណង សម្រាប់ការប្រព្រឹត្ត អំពើឈ្លានពានផ្នែកយោធា ប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែរប្រកបដោយសន្តិវិធីរបស់អ៊ីរ៉ង់ នឹងក្លាយជាប្រធានបទមួយ ក្នុងរបៀបវារៈ»។
នៅពេលត្រូវបានសួរថា តើអ៊ីរ៉ង់នឹងចូលរួមកិច្ចចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកដែរ ឬអត់នោះ លោក Baqaei បានឆ្លើយយ៉ាងខ្លីថា «ទេ»។
គួរដឹងថា កាលពីពាក់កណ្តាលខែមិថុនា អ៊ីស្រាអែលបានបើកការវាយប្រហារមិនធ្លាប់មានពីមុន ដោយដាក់គោលដៅលើទីតាំងនុយក្លេអ៊ែរ និងយោធារបស់អ៊ីរ៉ង់ ប៉ុន្តែក៏បានវាយប្រហារផងដែរ លើតំបន់លំនៅឋាន ក្នុងរយៈពេល ១២ថ្ងៃនៃសង្រ្គាម ដែលកងកម្លាំងអាមេរិក បានចូលរួមជាមួយការវាយប្រហារលើទីតាំងនុយក្លេអ៊ែរនៅ Fordo, Isfahan និង Natanz៕