មនុស្ស ១៩នាក់ ត្រូវបាននាំខ្លួនឡើងសវនាការ នៅទីក្រុងមូស្គូ នាថ្ងៃចន្ទ (ទី៤ ខែសីហា) នេះ ពាក់ព័ន្ធនឹងការវាយប្រហារលើសាលប្រគុំតន្ត្រី ក្នុងទីក្រុងនេះ ដែលបានសម្លាប់មនុស្ស ១៤៩នាក់ ជាហេតុការណ៍បង្ហូរឈាមអាក្រក់បំផុតមួយ នៅក្នុងប្រទេសរុស្ស៊ី។
គួររំលឹកថា បុរសប្រដាប់ដោយអាវុធ បាននាំគ្នាសម្រុកចូលសាលាក្រុង Crocus នៅជាយក្រុងនៃទីក្រុងមូស្គូ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ដោយបានបើកការបាញ់ប្រហារ ហើយបន្ទាប់មក បានដុតអគារនេះ ដោយបានបណ្ដាលឲ្យមនុស្សរាប់រយនាក់រងរបួស។ ក្រុម ISIS (រដ្ឋឥស្លាម) បានអះអាងទទួលខុសត្រូវការវាយប្រហារ នាពេលនោះ។
ជនជាប់សង្ស័យវាយប្រហារ ៤នាក់ ទាំងអស់សុទ្ធតែមកពីប្រទេសតាជីគីស្ថាន ដែលជាអតីតសាធារណរដ្ឋសូវៀត នៅអាស៊ីកណ្តាល និង ១៥នាក់ផ្សេងទៀតដែលត្រូវបានចោទប្រកាន់ពីបទសមគំនិត ត្រូវបាននាំទៅកាត់ទោស។
អ្នកសារព័ត៌មានម្នាក់ នៅបន្ទប់សវនាការ បានឃើញជនជាប់ចោទមួយចំនួន នៅក្នុងទ្រុងកញ្ចក់ ហើយដៃរបស់ពួកគេដែលក្រពាត់ទៅក្រោយ ត្រូវបានដាក់ខ្នោះ។ អ្នកនៅមានជីវិតពីហេតុការណ៍នោះប្រហែល ៣០នាក់ ក៏មានវត្តមានផងដែរ។ ម្នាក់ ក្នុងចំណោមអ្នករួចជីវិតទាំងនោះ ឈ្មោះ Tatiana Ruzanova បានប្រាប់អ្នកសារព័ត៌មានថា នាងបានមកតុលាការ ដើម្បីមើលជនជាប់ចោទ។
បើយោងតាមគេហទំព័ររបស់តុលាការ បានឲ្យដឹងថា សវនាការបន្តបន្ទាប់ នឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍។ ចៅក្រមបានបង្គាប់បញ្ជាឲ្យសវនាការនេះបន្តធ្វើដោយបិទទ្វារ។
ការវាយប្រហារនេះបានធ្វើឲ្យរុស្ស៊ីតក់ស្លុត ខណៈដែលខ្លួនបាននិងកំពុងប្រយុទ្ធជាមួយអ៊ុយក្រែន នៅក្នុងការវាយលុកយោធា ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ហើយទោះបីជាក្រុម IS អះអាងទទួលខុសត្រូវក៏ដោយ ក៏រុស្ស៊ីបានភា្ជប់អ៊ុយក្រែនទៅនឹងការវាយប្រហារនេះ ជាការចោទប្រកាន់ដែលទីក្រុងគីវ ចាត់ទុកថា គ្មានមូលដ្ឋាន និងមិនសមហេតុផល៕