អ្នកនាំពាក្យគណៈកម្មការបាននិយាយកាលពីថ្ងៃចន្ទថា សហភាពអឺរ៉ុប នឹងផ្អាកកញ្ចប់ចំនួនពីរនៃវិធានការប្រឆាំងរបស់ខ្លួនចំពោះការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិករយៈពេល៦ខែ បន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។

កិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បន្សល់ទុកនូវសំណួរជាច្រើនដោយបើកចំហ រួមមានទាំងអត្រាដំឡើងពន្ធលើផលិតផលគ្រឿងស្រវឹង និងក្រឹត្យរបស់លោក Trump កាលពីសប្តាហ៍មុនដែលបានកំណត់ការដំឡើងពន្ធលើទំនិញសហភាពអឺរ៉ុបភាគច្រើននៅត្រឹម១៥ភាគរយដែលមិនដាក់បញ្ចូលចំណែកដាច់ដោយឡែកដូចជារថយន្តនិងគ្រឿងបន្លាស់រថយន្ត។

មន្ត្រីសហភាពអឺរ៉ុប បាននិយាយថា ពួកគេរំពឹងថាក្រឹត្យបន្ថែមទៀតនឹងមានជាបន្តបន្ទាប់ក្នុងពេលឆាប់ៗនេះ។ អ្នកនាំពាក្យ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «សហភាពអឺរ៉ុប បន្តធ្វើការជាមួយសហរដ្ឋអាមេរិកដើម្បីបញ្ចប់ចុងក្រោយសេចក្តីថ្លែងការណ៍រួមមួយ ខណៈបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៧ ខែកក្កដា»។ «ដោយមានគោលបំណងទាំងនេះ គណៈកម្មការនឹងចាត់វិធានការចាំបាច់ដើម្បីផ្អាកវិធានការរយៈពេល៦ខែរបស់សហភាពអឺរ៉ុបប្រឆាំងនឹងសហរដ្ឋអាមេរិក ដែលនឹងត្រូវចូលជាធរមាននៅថ្ងៃទី៧ ខែសីហា»។
ការដំឡើងពន្ធសងសឹកមានពីរផ្នែក មួយជាការឆ្លើយតបទៅនឹងការដំឡើងពន្ធដែកថែប និងអាលុយមីញ៉ូមរបស់សហរដ្ឋអាមេរិក និងមួយផ្នែកទៀតចំពោះតម្លៃមូលដ្ឋាននិងការដំឡើងពន្ធរថយន្តរបស់លោក Trump។