នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu នឹងកោះប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខរបស់លោកនៅសប្តាហ៍នេះ ដើម្បីសម្រេចចិត្តលើជំហានបន្ទាប់ទាក់ទងនឹងគោលដៅសង្រ្គាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បន្ទាប់ពីការដួលរលំនៃកិច្ចចរចាបទឈប់បាញ់ដោយប្រយោលជាមួយក្រុមហាម៉ាស ដោយប្រភពជាន់ខ្ពស់អ៊ីស្រាអែលមួយលើកឡើងថា ការបញ្ជូនកងកម្លាំងបន្ថែមទៀតអាចជាជម្រើសមួយក្នុងចំណោមការសម្រេចចិត្តនោះ។

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្នុងដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសនេះ បេសកជនមជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក លោក Steve Witkoff បាននិយាយថា លោកកំពុងធ្វើការជាមួយរដ្ឋាភិបាលអ៊ីស្រាអែល លើផែនការដែលនឹងបញ្ចប់សង្រ្គាមនៅហ្កាហ្សា ប្រកបដោយប្រសិទ្ធភាព។ ប៉ុន្តែក្រុមមន្ត្រីអ៊ីស្រាអែលក៏បង្ហើបគំនិតជាច្រើន រួមទាំងការពង្រីកយុទ្ធនាការយោធានៅហ្កាហ្សា និងការដាក់បញ្ចូលជាឧបសម្ព័ន្ធនូវផ្នែកនានានៃទឹកដីតំបន់ដ៏ខ្ទេចខ្ទីនេះ។
កិច្ចចរចាបទឈប់បាញ់ដែលបរាជ័យក្នុងទីក្រុងដូហានោះ មានបំណងចងភ្ជាប់កិច្ចព្រមព្រៀងមួយលើសំណើដែលគាំទ្រដោយសហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់រយៈពេល ៦០ថ្ងៃ ហើយក្នុងអំឡុងពេលនោះ ជំនួយនឹងត្រូវបញ្ជុនកាន់តែច្រើនទៅកាន់តំបន់ហ្កាហ្សា ខណៈពាក់កណ្តាលនៃចំណាប់ថ្នូរក្នុងដៃក្រុមហាម៉ាស នឹងត្រូវដោះលែង ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនជាប់ពន្ធនាគារនៅអ៊ីស្រាអែល។
ជំហានបន្ទាប់របស់អ៊ីស្រាអែល ក្រោយការដួលរលំនៃកិច្ចចរចាបទឈប់បាញ់នេះមិនទាន់ច្បាស់នៅឡើយ ប៉ុន្តែបន្ទាប់ពីលោក Netanyahu បានជួបលោក Witkoff កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលមួយរូបនិយាយថា "គំនិតមួយកំពុងលេចឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងអ៊ីស្រាអែល" នោះគឺតម្រូវការដើម្បីផ្លាស់ប្តូរពីបទឈប់បាញ់ ទៅជាកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ ដែលនឹង "ដោះលែងចំណាប់ថ្នូរទាំងអស់ រំសាយអាវុធក្រុមហាម៉ាស និងគ្មានយោធាទាំងស្រុងនៅតំបន់ហ្កាហ្សាស្ទ្រីប" —ទាំងនោះជាលក្ខខណ្ឌសំខាន់ៗរបស់អ៊ីស្រាអែល សម្រាប់ការបញ្ចប់សង្រ្គាមនៅហ្កាហ្សា៕

