អាមេរិក កំពុងព្យាយាមស្វែងរករ៉ែកម្រ ដែលចាំបាច់សម្រាប់ផលិតសព្វាវុធ បន្ទាប់ពីចិនបិទការផ្គត់ផ្គង់ដល់ក្រុមហ៊ុនការពារជាតិអាមេរិក។

តម្លៃនៃរ៉ែកម្រមួយចំនួន បានកើនឡើងច្រើនជាង៦០ ដង បន្ទាប់ពីទីក្រុងប៉េកាំង បានរឹតបន្តឹងការនាំចេញវត្ថុធាតុដើមសម្រាប់គោលបំណងការពារជាតិកាលពីដើមឆ្នាំនេះ ស្របពេលមានសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។

ក្រុមអ្នកជំនាញបាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងគ្របដណ្ដប់ប្រហែល ៩០ ភាគរយនៃការផ្គត់ផ្គង់លោហធាតុកម្ររបស់ពិភពលោក និងគ្រប់គ្រងការផលិតសារធាតុរ៉ែសំខាន់ៗជាច្រើនទៀត ដោយផ្តល់ឱ្យប្រទេសនេះនូវការគ្រប់គ្រងលើសលប់លើមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់សហរដ្ឋអាមេរិក។
ប្រភពឧស្សាហកម្មការពារជាតិជាន់ខ្ពស់បានប្រាប់សារព័ត៌មាន The Telegraph ថា "ពន្លឺកំពុងប្រែពីពណ៌លឿងទៅក្រហម" នៅពេលនិយាយអំពីសមត្ថភាពរបស់ក្រុមហ៊ុនអាមេរិកចំពោះប្រភពវត្ថុធាតុដើម ដែលចាំបាច់សម្រាប់អ្វីៗគ្រប់យ៉ាងចាប់ពីយន្តហោះចម្បាំង និងយានដ្រូន រហូតដល់ផ្កាយរណបមីស៊ីលកំណត់គោលដៅ និងអាវុធប្រឆាំងមីស៊ីល ។
បន្ថែមពីលើការរឹតបន្តឹងរ៉ែកម្រ ចាប់តាំងពីខែធ្នូ ប្រទេសចិនបានហាមប្រាមការនាំចេញទៅកាន់សហរដ្ឋអាមេរិកនូវសារធាតុរ៉ែជាច្រើនប្រភេទ ជាសារធាតុរ៉ែដ៏សំខាន់ដែលត្រូវបានប្រើក្នុងការផលិតគ្រាប់កាំភ្លើង និងកែវយឹតមើលពេលយប់៕