រដ្ឋាភិបាលស្វីស បាននិយាយកាលពីថ្ងៃចន្ទ (០៤ សីហា) ថា ខ្លួនបានត្រៀមរួចជាស្រេចក្នុងការដាក់សំណើ "ផ្តល់ជូនដ៏គួរឱ្យទាក់ទាញជាងមុន" ក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីកិច្ចប្រជុំវិបត្តិ ក្នុងគោលបំណងបញ្ចៀសការយកពន្ធនាំចូលរបស់សហរដ្ឋអាមេរិកដល់ទៅ ៣៩% លើទំនិញស្វីស ដែលគំរាមកំហែងបង្កផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចពឹងផ្អែកលើការនាំចេញរបស់ខ្លួន។

ក្រុមប្រឹក្សាសហព័ន្ធ ដែលជាគណៈរដ្ឋមន្ត្រីគ្រប់គ្រងរបស់ស្វីស បាននិយាយថា ខ្លួនបានប្តេជ្ញាចិត្តបន្តកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក ប្រសិនបើចាំបាច់ លើសពីកាលបរិច្ឆេទកំណត់ថ្ងៃទី០៧ ខែសីហា ដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានកំណត់សម្រាប់ពន្ធចូលជាធរមាន។
ក្រុមប្រឹក្សាបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា "ស្វីស ចូលដំណាក់កាលថ្មីនេះដោយត្រៀមខ្លួនជាស្រេចដើម្បីបង្ហាញសំណើផ្តល់ជូនគួរឱ្យទាក់ទាញបន្ថែម ដោយគិតគូរពីកង្វល់របស់អាមេរិក និងស្វះស្វែងរកការបន្ធូរបន្ថយស្ថានភាពពន្ធបច្ចុប្បន្ន"។ សេចក្តីថ្លែងការណ៍បន្តថា ស្វីសប្តេជ្ញាចិត្តក្នុងការធានាបានកិច្ចព្រមព្រៀងយុត្តិធម៌ ប្រៀបធៀបនឹងដៃគូប្រកួតប្រជែងពាណិជ្ជកម្មចម្បងរបស់ខ្លួន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតពីអ្វីដែលរដ្ឋាភិបាលស្វីស អាចផ្តល់ជូននោះទេ។
ប្រទេសស្វីស ភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីថ្ងៃសុក្រសប្ដាហ៍មុន បន្ទាប់ពីលោក Trump បានដំឡើងពន្ធ ៣៩% ក្នុងអត្រាដ៏ខ្ពស់បំផុតមួយ នៅក្នុងអ្វីដែលសមាគមឧស្សាហកម្មបានព្រមានថា ការងាររាប់ម៉ឺនមុខតំណែងកំពុងតែមានហានិភ័យដោយសារតែរបាំងពាណិជ្ជកម្មដ៏សន្ធឹកនេះ៕

