ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ ទី៤ ខែសីហា ថា លោកនឹងជ្រើសរើស «អ្នកជំនួសពិសេស» ប្រធានស្ថិតិការងាររបស់លោក បន្ទាប់ពីបានបញ្ជាឱ្យបណ្តេញប្រធានផ្នែកនេះចេញ ខណៈរបាយការណ៍ថ្មីមួយបានបង្ហាញពីភាពទន់ខ្សោយនៅក្នុងទីផ្សារការងារនៅសហរដ្ឋអាមេរិក។

នៅក្នុងការបង្ហោះនៅលើវេទិកាសង្គម Truth Social លោកTrump បានបញ្ជាក់ជាថ្មីដោយមិនផ្តល់ភស្តុតាងភ្លាមៗថារបាយការណ៍ការងារដែលបានចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុន «ត្រូវបានក្លែងបន្លំ» ។ លោកបានចោទប្រកាន់ថា មន្ត្រីរូបនេះបានរៀបចំទិន្នន័យដើម្បីបន្ថយសមិទ្ធផលសេដ្ឋកិច្ចរបស់រដ្ឋបាលលោក។ លោក Trump បានប្រាប់អ្នកសារព័ត៌មានថា «យើងនឹងប្រកាសអ្នកកាន់ស្ថិតិថ្មីផ្នែកការងារ នៅពេលណាមួយ៣ទៅ៤ថ្ងៃបន្ទាប់នេះ។ លោកបាននិយាយបន្ថែមកាលពីថ្ងៃចន្ទថា «ខ្ញុំនឹងជ្រើសរើសអ្នកជំនួសពិសេសម្នាក់»។

កំណើនការងារនៅសហរដ្ឋអាមេរិក បានដើរខុសពីការរំពឹងទុកកាលពីខែកក្កដា ដែលតួលេខពីការិយាល័យស្ថិតិការងារ បានបង្ហាញកាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយការពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ចំពោះតួលេខជួលបុគ្គលិកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបាននាំវាឈានទៅរកកម្រិតខ្សោយបំផុតចាប់តាំងពីជំងឺរាតត្បាត COVID-19។ ក្រោយមក លោក Trump បានបញ្ជាឱ្យដក លោកស្រី Erika McEntarfer ជាស្នងការស្ថិតិការងាររបស់ក្រសួង។ លោក Trump បានប្រាប់អ្នកសារព័ត៌មានថា «យើងគ្មានទំនុកចិត្តទេ។ ខ្ញុំចង់មានន័យថា តួលេខនេះគួរឱ្យអស់សំណើច»។
លោក Trump បាននិយាយបន្ថែមថា មន្ត្រីដដែលរូបនេះ នៅមុនការបោះឆ្នោតឆ្នាំ២០២៤ «បានបញ្ចេញអត្រាតួលេខខ្ពស់លើសេដ្ឋកិច្ចរបស់ លោក Joe Biden»។ លោកបានអះអាងថាចំនួនការងារទាំងនោះគឺជាការក្លែងបន្លំ។