មន្រ្តីការទូតជាច្រើននាក់បាននិយាយថា អ្នកការទូតសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទ (០៤ សីហា) បានបរាជ័យជាថ្មីម្តងទៀតក្នុងការយល់ព្រមលើការផ្អាកអ៊ីស្រាអែលមួយផ្នែក ចេញពីមូលនិធិស្រាវជ្រាវអឺរ៉ុប Horizon ក្នុងការដាក់ទណ្ឌកម្មឆ្លើយតបទៅនឹងសង្គ្រាមនៅតំបន់ហ្កាហ្សា។

ក្នុងជំនួបតាមអ៊ីនធឺណិតជាប្រចាំមួយរបស់អ្នកការទូតអឺរ៉ុបស្របពេលសម្ពាធកាន់តែខ្លាំងលើអ៊ីស្រាអែលជុំវិញវិបត្តិអត់ឃ្លាននៅហ្កាហ្សា អ្នកការទូតសហភាពអឺរ៉ុបទាំង ២៧រូប នៅតែមិនអាចឈានដល់ការគាំទ្រភាគច្រើនគ្រប់គ្រាន់ ទៅលើសំណើរបស់គណៈកម្មការអឺរ៉ុប ដើម្បីដកអ៊ីស្រាអែលចេពីផ្នែកខ្លះនៃមូលនិធិស្រាវជ្រាវអឺរ៉ុប Horizon តម្លៃ ៩៥ពាន់លានអឺរ៉ូ របស់ប្លុកនេះបាននៅឡើយទេ។
អ្នកការទូតអឺរ៉ុបម្នាក់និយាយថា "ស្ថានភាពមិនបានផ្លាស់ប្តូរឡើយ" ដោយសំដៅលើកិច្ចប្រជុំផ្លូវការមួយកាលពីសប្តាហ៍មុនរបស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដែលក៏មិនបានយល់ព្រមលើសំណើរបស់គណៈកម្មាការដូចគ្នានេះ។ អ្នកការទូតរូបនេះបន្តថា បញ្ហានេះកំពុងស្ថិតក្នុងដៃរដ្ឋមន្ត្រីការបរទេសប្លុកអឺរ៉ុប ដែលនឹងជួបប្រជុំក្រៅផ្លូវការមួយនៅថ្ងៃទី២៩ ខែសីហា ខាងមុខ។
ប្រសិនបើសំណើផ្អាកនោះជោគជ័យ អ៊ីស្រាអែលនឹងបាត់បង់សិទ្ធិទទួលបានកញ្ចប់ថវិកា ២០០លានអឺរ៉ូ នៃជំនួយ និងការវិនិយោគនាពេលអនាគត នៅក្នុងក្រុមប្រឹក្សាវិនិយោគអ៊ឺរ៉ុប Horizon (EIC) ដែលមានជំនាញទៅលើការស្រាវជ្រាវ "បច្ចេកវិទ្យារំខាន"។ មន្ត្រីគណៈកម្មការនេះនិយាយថា ជំហាននេះនឹងមិនប៉ះពាល់ដល់ការគាំទ្រសម្រាប់ការស្រាវជ្រាវជាមូលដ្ឋាន ឬសហការគ្នានោះទេ៕

