ខ្យល់បក់ក្នុងល្បឿនលឿនបានបង្អាក់សេវារថភ្លើង និងបានវាយបោកបក់ដើមឈើនៅក្នុងដែនដីស្កុតឡែន និងនៅភាគខាងជើងប្រទេសអង់គ្លេស ដែលអ្នកស្រុកត្រូវបានណែនាំកុំឱ្យធ្វើដំណើរ ខណៈព្យុះរដូវក្តៅដ៏មហន្តរាយ «ខុសប្រក្រតី» បានវាយបោកបក់នៅចក្រភពអង់គ្លេសកាលពីថ្ងៃចន្ទ ទី៤ ខែសីហា។

សន្ទុះខ្យល់ព្យុះនៅភាគខាងជើងដែនដីស្កុតឡែនបានឈានដល់១៣២គីឡូម៉ែត្រក្នុងមួយម៉ោង ជាល្បឿនលឿនបំផុតមិនធ្លាប់មានក្នុងកំណត់ត្រាដែលបានកើតឡើងនៅក្នុងខែសីហានេះក្នុងដែនដីស្កុតឡែន។ ការព្រមានអំពីខ្យល់បក់ខ្លាំងបំផុតទី២ បានធ្វើឡើងនៅទូទាំងដែនដីស្កុតឡែន ខណៈក្រុមមន្ត្រីព្យាយាមកាត់បន្ថយការខូចខាតជាអប្បបរមា។

ការិយាល័យឧតុនិយមរបស់ចក្រភពអង់គ្លេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ព្យុះ Floris គឺជាព្យុះដ៏ខ្លាំងខុសប្រក្រតីសម្រាប់ពេលវេលានៃឆ្នាំ»។ ការិយាល័យឧតុនិយមនិយាយថា វាជាលើកទីបីហើយដែលការព្រមានអំពីខ្យល់បក់ខ្លាំងត្រូវបានចេញនៅក្នុងខែសីហានេះ ចាប់តាំងពីប្រព័ន្ធព្រមានបានចាប់ផ្តើមក្នុងឆ្នាំ២០១១ ដែលសន្ទុះខ្យល់ព្យុះមួយចំនួននៅក្នុងដែនដីស្កុតឡែន «ទំនងជា» ឈានដល់កម្រិតខ្ពស់កំផុត។
អ្នកវិទ្យាសាស្ត្រនិយាយថា បម្រែបម្រួលអាកាសធាតុបង្កឡើងដោយមនុស្សកំពុងជំរុញឱ្យមានព្រឹត្តិការណ៍អាកាសធាតុមិនអំណោយផលខ្លាំងញឹកញាប់នៅជុំវិញពិភពលោក ខណៈភពផែនដីនៅតែបន្តឡើងកម្តៅ។ ប្រតិបត្តិកររថភ្លើងជាច្រើននៅភាគខាងជើងប្រទេសអង់គ្លេស និងដែនដីស្កុតឡែន បានលុបចោលសេវាកម្ម ដោយព្រមានអ្នកដំណើរកុំទាន់ធ្វើដំណើរ។