អង្គការសហប្រជាជាតិ បានចេញការព្រមានខ្លាំងៗជាថ្មីម្ដងទៀតថា កុមារទាំងអស់ក្នុងដែនដីហ្កាហ្សាទាំងមូលអាយុក្រោម ៥ឆ្នាំ កំពុងជួបហានិភ័យនៃកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ដែលគំរាមកំហែងដល់អាយុជីវិតរបស់ពួកគេ ស្របពេលមានរបាយការណ៍កើនឡើងនៃការស្លាប់ទាក់ទងនឹងការអត់ឃ្លាន ដោយសារអ៊ីស្រាអែលបន្តរារាំងជំនួយមិនឱ្យចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

កម្មវិធីស្បៀងអាហារពិភពលោក WFP របស់អង្គការសហប្រជាជាតិ បាននិយាយថា កុមារក្នុងរង្វង់អាយុនេះ - ប្រហែល ៣២០.០០០នាក់- ត្រូវបានរងផលប៉ះពាល់ខ្លាំងដោយការដួលរលំនៃសេវាអាហារូបត្ថម្ភ និងកំពុងខ្វះលទ្ធភាពទទួលបានទឹកសុវត្ថិភាព គ្រឿងជំនួសទឹកដោះម្តាយ និងអាហាររូបត្ថម្ភផ្សេងៗ។
គ្រូពេទ្យកុមារនៅហ្កាហ្សា ឈ្មោះ Seema Jilani បានប្រាប់សារព័ត៌មាន Al Jazeera ថា កង្វះអាហារូបត្ថម្ភ "ប៉ះពាល់ដល់រាងកាយទាំងមូលរបស់កុមារ" ដែលធ្វើឱ្យពួកគេប្រឈមនឹងការខូចសរីរាង្គជាច្រើន ហើយថា ភាពអត់ឃ្លាននៅហ្កាហ្សាគឺជារឿងដ៏ឈឺចាប់សម្រាប់កុមារ ខណៈ "ព្រឹត្តិការណ៍សំខាន់ៗនៃការអភិវឌ្ឍលូតលាស់រាងកាយនឹងត្រូវខកខាន"។
រដ្ឋាភិបាលរបស់តំបន់ហ្កាហ្សា គ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃចន្ទ (០៤ សីហា) ថា អ៊ីស្រាអែលកំពុងមានចេតនារារាំងរថយន្តជំនួយមនុស្សធម៌ជាង ២២.០០០គ្រឿង មិនឱ្យចូលទៅក្នុងទឹកដីប៉ាឡេស្ទីននេះ ដែលជាផ្នែកយុទ្ធនាការជាប្រព័ន្ធដើម្បីបង្ក "ការបង្អត់អាហារ ការឡោមព័ទ្ធ និងភាពវឹកវរ" នៅហ្កាហ្សា៕

