ព្រះវិហារ៖ ប្រជាកសិករក្នុងខេត្តព្រះវិហារ បានសប្បាយរីករាយនិងមមាញឹកក្នុងការប្រមូលផលដំណាំដំឡូងមី ខណៈដែលដំឡូងប្រភេទនេះ មានទិន្នផលល្អ និងមានទីផ្សារខ្ពស់ជាងឆ្នាំមុនគួរឱ្យកត់សំគាល់។
លោក ឆែម អួត ប្រធានសហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របុរី ស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ បានឱ្យដឹងថា បច្ចុប្បន្ននេះប្រជាសហគមន៍កសិកម្មរបស់លោក បាននិងកំពុងមមាញឹកខ្លាំងក្នុងការប្រមូលផលដំឡូងមីសរីរាង្គជាបណ្ដើរៗហើយ សម្រាប់ផ្គត់ផ្គង់លក់ជូនក្រុមហ៊ុន តាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា លើបរិមាណសរុបជាង ៩,១៨៧តោន។
លោកបន្ដថា ការធ្វើកសិកម្មលើដំណាំដំឡូងនេះ មានសមាជិកផលិតសរុប២៩២គ្រួសារ លើផ្ទៃដីដាំដុះប្រមាណជាង ៥១៨ហិកតា។
លោកថា បងប្អូនប្រជាកសិករសហគមន៍មានភាពសប្បាយរីករាយយ៉ាងក្រៃលែង គ្រាដែលទិន្នផលឆ្នាំនេះមានការកើនឡើង រីឯតម្លៃដែលបានព្រមព្រៀងជាមួយក្រុមហ៊ុនទទួលទិញក៏មានតម្លៃខ្ពស់។
.លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានបញ្ជាក់ឱ្យដឹងថា ផ្ទៃដីដាំដុះដំណាំដំឡូងមីនៅក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ ពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយបច្ចុប្បន្នផ្ទៃដីដាំដុះនៅទូទាំងខេត្ត មានចំនួនប្រមាណជាង ២៩,៥៨៣ហិកតា បើធៀបកាលពីឆ្នាំ២០២០កន្លងទៅ ផ្ទៃដីដាំដុះមានប្រមាណជាង ២៥,០០០ហិកតាប៉ុណ្ណោះ។
លោកថា គិតមកត្រឹមជិតពាក់កណ្ដាលខែមករានេះ ការប្រមូលផលដំណាំដំឡូងមីរបស់កសិករនៅទូទាំងខេត្ត សម្រេចបានប្រមាណជា ២៥%ហើយ ហើយប្រជាសហគមន៍បាន និងកំពុងសម្រុកប្រមូលផលលដំឡូងមីសរីរាង្គលក់ជូនក្រុមហ៊ុនទៅតាមកិច្ចសន្យាក្នុងតម្លៃ ៣៧៥រៀល ក្នុងមួយគីឡូក្រាម។
ប្រធានមន្ទីរកសិកម្ម ក៏បានបញ្ជាក់ថាក្នុងរដូវប្រមូលផលឆ្នាំ២០២១នេះ សម្រាប់ខេត្តព្រះវិហារ មានសហគមន៍ចំនួន០៩ ដែលមានសមាជិកសរុបជាង ១៣០០គ្រួសារ បានចុះកិច្ចសន្យាផលិត និងផ្គត់ផ្គង់ដំឡូងមីសរីរាង្គស្រស់លក់ទៅអោយក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា (CACC) ដែលមានក្រុមហ៊ុនថៃវ៉ាជាដៃគូរ លើបរិមាណសរុបជាង ៣៤,០០០តោន។
ជាមួយនេះលោកក៏បានផ្ដាំផ្ញើ ជម្រុញលើកទឹកចិត្តទៅដល់បងប្អូនប្រជាកសិករទាំងអស់ ឱ្យចុះឈ្មោះចូលជាសមាជិកសហគមន៍ ដើម្បីងាយស្រួលក្នុងការលក់ផលិតផលកសិកម្មដូចជាដំឡូងមីជាដើម ដោយក្នុងនោះកសិករមិនត្រឹមតែទទួលបាននូវនិរន្ដរភាពទីផ្សារ បង្កើនប្រាក់ចំណូលដល់សមាជិក និងសហគមន៍ មិនមានការកាត់ភាគរយទម្ងន់ ដោយក្នុង១តោន ក្រុមហ៊ុនគិតលុយជូន ១០០០គីឡូពេញ ប៉ុន្ដែបើធៀបជាមួយកសិករខាងក្រៅ ក្រមឈ្មួញបានកាត់ចាប់ពី១០ ទៅ២០% ។បន្ថែមពីនេះ កសិករក៏អាចទទួលបានពូជ និងការបណ្ដុះបណ្ដាលពីក្រុមហ៊ុនលើជំនាញបច្ចេកទេសកសិកម្ម និងការអនុវត្តជាក់ស្តែង ដើម្បីឱ្យទិន្នផលរបស់កសិករមានការកើនឡើង ព្រមទាំងទទួលបានធនធាន ក្នុងការអភិវឌ្ឍសហគមន៍របស់ពួកគាត់ នៅនឹងកន្លែងផ្ទាល់ទៀតផង៕



