កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយក្រុមឃឺដ បាននិយាយថា ក្រុមប្រដាប់អាវុធដែលពាក់ព័ន្ធជាមួយកងកម្លាំងសន្តិសុខរបស់ប្រទេស បានវាយប្រហារទីតាំងមួយចំនួនរបស់ខ្លួននៅក្នុងខេត្តភាគខាងជើងទីក្រុងAleppo។

នៅក្នុងការបង្ហោះនៅលើបណ្តាញ X ក្រុមដែលគ្រប់គ្រងភាគច្រើននៅភាគឦសានប្រទេសស៊ីរី បានអះអាងថាឧបទ្ទវហេតុនេះបានកើតឡើងកាលពីព្រឹកថ្ងៃច័ន្ទនៅក្នុងតំបន់ Deir Hafer។ ការចោទប្រកាន់នេះកើតឡើងប៉ុន្មានខែបន្ទាប់ពីកងកម្លាំងប្រជាធិបតេយ្យ(SDF) និងរដ្ឋាភិបាលបណ្តោះអាសន្នស៊ីរី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមាហរណកម្មដ៏សំខាន់មួយកាលពីក្នុងខែមីនា។

កងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF) បាននិយាយថា ក្រុមដែលជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាល បានបើកការវាយលុកទៅលើទីតាំងចំនួនបួនរបស់កងកម្លាំងSDF នៅក្នុងភូមិ Al-Imam នៅម៉ោង៣ទៀបភ្លឺកាលពីព្រឹកថ្ងៃចន្ទ ដោយបាននិយាយថាការប៉ះទង្គិចគ្នាបានបន្តរយៈពេល២០នាទី។ កងកម្លាំង SDF និយាយបន្ថែមថា «យើងទុកឲ្យរដ្ឋាភិបាលទីក្រុងដាម៉ាសទទួលខុសត្រូវទាំងស្រុងចំពោះសកម្មភាពនេះ ហើយបានបញ្ជាក់ជាថ្មីថា កងកម្លាំងរបស់យើងពេលនេះបានត្រៀមលក្ខណៈច្រើនជាងពេលណាៗទាំងអស់ ដើម្បីអនុវត្តសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការឆ្លើយតបដោយកម្លាំង និងការប្តេជ្ញាចិត្តពេញលេញ»។ ឧប្បត្តិហេតុចុងក្រោយនេះ បានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលស៊ីរីបានចោទប្រកាន់កងកម្លាំង SDF ថាបានធ្វើឲ្យរងរបួសទាហានបួននាក់និងជនស៊ីវិលបីនាក់នៅក្នុងទីក្រុង Manbij ភាគខាងជើងកាលពីថ្ងៃសៅរ៍ សប្តាហ៍មុន។
ទន្ទឹមនឹងនេះ កងកម្លាំង SDF ដែលជាសម្ព័ន្ធមិត្តជាមួយសហរដ្ឋអាមេរិក នឹងជួយកម្ចាត់ក្រុមរដ្ឋអ៊ីស្លាម (ISIS) នៅក្នុងតំបន់។