ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំសម្ព័ន្ធយោធា NATO លោក Matthew Whitaker បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទថា លោករំពឹងថាប្រទេសជាច្រើនបន្ថែមទៀតនឹងប្រកាសក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ថា ពួកគេនឹងផ្តល់មូលនិធិដើម្បីទិញយុទ្ធោបករណ៍និងគ្រាប់រំសេវរបស់អាមេរិក សម្រាប់ប្រទេសអ៊ុយក្រែន ដោយប្រើប្រាស់យន្តការថ្មីមួយ បន្ទាប់ពីប្រទេសហូឡង់ បាននិយាយថា ខ្លួននឹងផ្តល់ជំនួយ៥០០លានអឺរ៉ូដល់គម្រោងនេះ។

លោកបាននិយាយបន្ថែមថា «ហូឡង់ជាប្រទេសដំបូងគេក្នុងចំណោមប្រទេសជាច្រើនដែលធ្វើបែបនេះ ហើយ អ្នកនឹងមើលឃើញការប្រកាសជាបន្តបន្ទាប់នៅក្នុងសប្តាហ៍ខាងមុខនេះ»។
លោកឯកអគ្គរដ្ឋទូតបាននិយាយថា សមាជិកសម្ព័ន្ធយោធាណាតូជាច្រើនកំពុង «រួមគ្នាជាក្រុម ដើម្បីប្រមូលមូលនិធិ និងធនធានរបស់ខ្លួនក្នុងការផ្តល់សព្វាវុធ និងគ្រាប់រំសេវ»។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីខែមុនថា សហរដ្ឋអាមេរិកនឹងផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន ដែលត្រូវបង់ថ្លៃចំណាយដោយសម្ព័ន្ធមិត្តអឺរ៉ុប ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតអំពីរបៀបដែលប្រទេសនេះនឹងត្រូវធ្វើនោះទេ។