រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ABC ថា "មានហានិភ័យខ្ពស់ដែលថានឹងមិនមានទឹកដីប៉ាឡេស្ទីននៅសេសសល់សម្រាប់ទទួលស្គាល់ទៀតទេ" ស្របពេលមានសង្រ្គាមដ៏បំផ្លិចបំផ្លាញ និងឥតសម្រាករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា និងការបង្កើនអំពើហិង្សាប្រឆាំងនឹងជនជាតិប៉ាឡេស្ទីននៅតំបន់កាន់កាប់ West Bank។

លោកស្រី Wong មិនបានចង្អុលបង្ហាញថា អូស្ត្រាលីគ្រោងនឹងផ្លាស់ប្តូរជំហររបស់ខ្លួន ហើយទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីននោះទេ ប៉ុន្តែលោកស្រីបានធ្វើការអត្ថាធិប្បាយបែបនេះក្នុងបទសម្ភាសន៍ជាមួយ ABC នៅព្រឹកថ្ងៃអង្គារ (០៥ សីហា) ឆ្លើយតបទៅនឹងសំណួរពីការតវ៉ាដ៏ធំនៅទីក្រុងស៊ីដនី ដែលចូលរួមដោយមនុស្សរាប់សែននាក់ ប្រឆាំងនឹងសង្រ្គាមរបស់អ៊ីស្រាអែល នៅលើតំបន់ហ្កាហ្សា។
លោកស្រី Wong លើកឡើងថា អូស្ត្រាលី មានចិត្តដូចគ្នានឹងក្រុមបាតុករដែល “ចង់បានសន្តិភាព និងបទឈប់បាញ់” ហើយថា ចំនួនអ្នកចូលរួមបាតុកម្មច្រើនកុះករនោះឆ្លុះបញ្ចាំងពី “ភាពភ័យរន្ធត់របស់សហគមន៍អូស្ត្រាលីយ៉ាងទូលំទូលាយ” និង “ទុក្ខព្រួយរបស់ប្រជាជនអូស្ត្រាលី ចំពោះអ្វីដែលកំពុងកើតឡើងនៅហ្កាហ្សា -- នោះគឺស្ថានភាពមនុស្សធម៌ដ៏មហន្តរាយ ការស្លាប់របស់ស្ត្រី និងកុមារ ការកាត់ផ្ដាច់ជំនួយយ៉ាងអាក្រក់។
កិច្ចសម្ភាសន៍របស់លោកស្រី Wong កើតឡើងនៅពេលនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ត្រូវរាយការណ៍ថាចង់ពិភាក្សាតាមទូរសព្ទជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បន្ទាប់ពីការតវ៉ាទ្រង់ទ្រាយធំនៅស៊ីដនី កាលថ្ងៃអាទិត្យ។ ឆ្លើយតបនឹងសំណួរពីអ្វីដែលលោកគ្រោងនឹងពិភាក្សាជាមួយលោក Netanyahu លោក Albanese និយាយថា លោកនឹងបង្ហាញការគាំទ្រជាថ្មីម្តងទៀតចំពោះដំណោះស្រាយរដ្ឋពីរក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន៕

