ប្រទេសកាណាដា បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានផ្តល់ជំនួយមនុស្សធម៌តាមរយៈការទម្លាក់ពីយន្តហោះ ទៅកាន់តំបន់ហ្កាហ្សា ដែលស្ថិតនៅក្រោមការវាយលុករបស់យោធាអ៊ីស្រាអែលដ៏មហន្តរាយអស់ រយៈពេលជិត ២២ ខែហើយ ដោយទីក្រុងអូតាវ៉ា បានចោទប្រកាន់អ៊ីស្រាអែលម្តងទៀតថា បានបំពានច្បាប់អន្តរជាតិ។

រដ្ឋាភិបាលកាណាដា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«កងកម្លាំងប្រដាប់អាវុធកាណាដា បានប្រើយន្តហោះ CC-130J Hercules ដើម្បីទម្លាក់ជំនួយមនុស្សធម៌ដ៏សំខាន់ ក្នុងការគាំទ្រកិច្ចការសកលរបស់កាណាដា ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប។ ការទម្លាក់ពីលើអាកាសនោះ មានជំនួយចំនួន ២១.៦០០ ផោន។

សាជីវកម្មផ្សព្វផ្សាយកាណាដា បានរាយការណ៍ថា នេះគឺជាការទម្លាក់ពីលើអាកាសនូវមនុស្សធម៌
លើកដំបូងរបស់កងកម្លាំងប្រដាប់អាវុធកាណាដា ចូលទៅក្នុងតំបន់ហ្កាហ្សា ដោយប្រើយន្តហោះផ្ទាល់ ខ្លួន។
យោធាអ៊ីស្រាអែល បាននិយាយថា កញ្ចប់ជំនួយស្បៀងអាហារចំនួន ១២០កញ្ចប់ សម្រាប់ប្រជាជន នៅតំបន់ហ្កាហ្សា ត្រូវបានទម្លាក់ដោយប្រទេសចំនួន ៦ ក្នុងនោះមានប្រទេសកាណាដាផងដែរ។ ប្រទេសចំនួន ៥ ទៀត គឺហ្ស៊កដានី អារ៉ាប់រួម អេហ្ស៊ីប អាល្លឺម៉ង់ និងបែលហ្ស៊ិក។
ប្រទេសកាណាដា បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនគ្រោងនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅឯកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ ក្នុងខែកញ្ញា ដោយបង្កើនសម្ពាធលើអ៊ីស្រាអែល នៅពេលដែលភាពអត់ឃ្លានកាន់តែរីករាលដាល នៅក្នុងតំបន់ហ្កាហ្សា។