អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីរ៉ង់នឹងពិចារណាលើសំណើណាមួយសម្រាប់ការដោះស្រាយបញ្ហានុយក្លេអ៊ែររបស់ខ្លួន ដែលមានសមត្ថភាពបញ្ចូល និងធានាការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ប្រទេសនេះ នៅលើដីរបស់ខ្លួន។

លោក Baghaei បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា៖«យើងតែងតែសង្កត់ធ្ងន់ថាបញ្ហានៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលជាផ្នែកមិនអាចបំបែកបាននៃសិទ្ធិរបស់ប្រទេសនេះ ក្នុងក្របខ័ណ្ឌនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធ មានសារៈសំខាន់យ៉ាងខ្លាំង។ ដូច្នេះ សំណើណាមួយដែលមានសមត្ថភាពធានាសមាសធាតុសំខាន់នេះ នឹងមានតម្លៃសម្រាប់ពួកយើងក្នុង ការពិចារណា។

លោកបាននិយាយថា កាលៈទេសៈសម្រាប់កិច្ចពិភាក្សាដ៏មានសក្តានុពលណាមួយរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ហើយថា ក្នុងចំណោមបញ្ហាសំខាន់ៗនៅក្នុងរបៀបវារៈគឺ «ធ្វើឲ្យ សហរដ្ឋអាមេរិកទទួលខុសត្រូវ និងទាមទារសំណងសម្រាប់ការឈ្លានពានយោធាប្រឆាំងនឹងកន្លែងនុយក្លេអ៊ែរដោយសន្តិភាពរបស់អ៊ីរ៉ង់»។
អ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសសំខាន់ៗលើតំបន់ជាច្រើន ក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី ១៣ ខែមិថុនា រួមទាំងទីតាំងនុយក្លេអ៊ែរ និងទីតាំងយោធា បន្ទាប់មកការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន ៣ កាលពីថ្ងៃទី ២២ ខែមិថុនា។ បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល ១២ថ្ងៃ បទឈប់បាញ់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ត្រូវបានឈានដល់ នៅថ្ងៃទី ២៤ ខែមិថុនា។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោន បានទាមទារម្តងហើយម្តងទៀត ឲ្យអ៊ីរ៉ង់បញ្ឈប់ទាំងស្រុងនូវការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដែលជាសំណើមួយ ត្រូវបានច្រានចោលដោយទីក្រុងតេអេរ៉ង់។