កំពង់ធំ៖ អាជ្ញាធរក្រុងស្ទឹងសែន បញ្ជាក់ថា ផ្ទៃដីតំបន់ក្នុងភូមិសាស្រ្តក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានពីរសង្កាត់ គឺសង្កាត់អូរកន្ធរ និងសង្កាត់ស្រយ៉ូវ សរុបមានចំនួនជាង៥ ៥៦៩ហិកតា។
នៅថ្ងៃទី១៤ ខែមករាឆ្នាំ២០២២ រដ្ឋបាលក្រុងស្ទឹងសែន រៀបចំកិច្ចប្រជុំផ្ទៀងផ្ទាត់ដីតំបន់បីឡើងវិញ។ តាមឯកសារបញ្ជាក់របស់រដ្ឋបាលក្រុងស្ទឹងសែន បញ្ជាក់ថា ផ្ទៃដីតំបន់បីក្នុងភូមិសាស្រ្តក្រុងក្រុងស្ទឹងសែនទាំងមូល មានសរុបរួមចំនួនជាង ៥ ៥៦៩ហិកតា ក្នុងនោះ ផ្ទៃដីដែលបានអាស្រ័យផល សរុបរួមប្រមាណ ៣ ៥៤២ហិកតា ផ្ទៃដីអាងទឹកសរុបជាង ៥៧៣ហិកតា ផ្ទៃដីបឹងបួ ទំបន់ ប្រឡាយទឹក និងផ្លូវ សរុបចំនួនជាង២៣៧ ហិកតា និងផ្ទៃដីព្រៃលិចទឹកដែលនៅសេសសល់ ក្នុងដែនសមត្ថកិច្ចរដ្ឋបាលជលផល មានចំនួនសរុបជាង ១ ២១៥ហិកតា។
ជាមួយគ្នានេះដែរ លោក ឆូយ កុសល អភិបាលរងក្រុងស្ទឹងសែន បញ្ជាក់ថា ព្រៃលិចដែលនៅសេសសល់ជាង១ ២១៥ហិកតា ជាដីដែលធ្លាប់មានការទន្ទ្រាន ធ្វើស្រែមួយចំនួន ប៉ុន្តែមិនមានទឹក ប្រើប្រាស់សម្រាប់អាស្រ័យផលទើបធ្វើមានឲ្យមានព្រៃលិចទឹកដុះឡើងវិញ ដែលមានប្រភេទព្រៃភាគច្រើន មានព្រៃអញ្ជាញ ព្រៃស្បូវ ព្រៃត្រែង ដើមខ្ទំ និងប្រភេទព្រៃជំរកត្រីពងផ្សេងទៀត។ លោកបញ្ជាក់ថា ក្នុងចំណោមផ្ទៃដីសរុបទាំងអស់នេះ មានចំនួន១១២ក្បាលដី និងអ្នកតំណាងចំនួន ១១២នាក់។
ទន្ទឹមជាមួយគ្នានេះផងដែរ លោក ខ្ចៅ ប៊ុនហ៊ីម អភិបាលរងក្រុងបញ្ជាក់ដែរថា របាយការណ៍ដែលរដ្ឋបាលក្រុងស្ទឹងសែនចងក្រងឡើង គឺផ្អែកលើលទ្ធផលជាក់ស្តែង ស្ថានភាពពិតបច្ចុប្បន្ន ក្នុងភូមិសាស្រ្ត ដែលរដ្ឋបាលក្រុងកំពុងយកចិត្តទុកដាក់ខ្លាំងបំផុត។ ជាពិសេសកំពុងអនុវត្តន៍យ៉ាងម៉តចត់តាមអនុសាស្រ្តរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការរក្សាទុកដី ព្រៃលិច តំបន់បីឡើងវិញ។
គួរបញ្ជាក់ថា ឈ្មោះ១១២នាក់ ដែលកាន់កាប់លើផ្ទៃដីតំបន់បី ក្នុងភូមិសាស្រ្តក្រុងស្ទឹងសែន មានប្រជាពលរដ្ឋឈរឈ្មោះឲ្យសរុប ៣៣០គ្រួសារ ដែលដីទាំងអស់នេះ ក្នុងឆ្នាំ ២០១៥ និងឆ្នាំ២០១៦ ការអនុញ្ញាតឲ្យកាន់កាប់ និងអាស្រ័យផលម្នាក់ចំនួន៥ហិកតា តែប៉ុន្តែ! ដូច្នេះ ឈ្មោះប្រជាពលរដ្ឋ ដែលអាស្រ័យផល ប្រមាណជាង ៣៣០គ្រួសារ ក្នុងបញ្ជីភាពច្រើនជាមនុស្សក្លែងក្លាយ មានការឃុបឃិតគ្នាជាប្រព័ន្ធដាក់ឈ្មោះ ដើម្បីបានប្រើប្រាស់ដីតែប៉ុណ្ណោះ៕




