ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទ (០៤ សីហា) ថា អាជ្ញាធរនៅប៉ាគីស្ថាន បានបន្តការបង្ខំនិរទេសជនភៀសខ្លួនអាហ្វហ្គានីស្ថាន ទៅកាន់ប្រទេសកំណើតពួកគេវិញ បន្ទាប់ពីរដ្ឋាភិបាលសហព័ន្ធបានបដិសេធមិនបន្ថែមពេលកំណត់សម្រាប់ការស្នាក់នៅបណ្ដោះអាសន្នរបស់ជនភៀសខ្លួនទាំងនោះ ស្របពេលក្ដីបារម្ភកាន់តែកើនឡើងរបស់អង្គការសហប្រជាជាតិ។
ការសម្រេចនេះប៉ះពាល់ដល់ជនជាតិអាហ្វហ្គានីស្ថានប្រមាណ ១,៤លាននាក់ កាន់បណ្ណបញ្ជាក់ការចុះឈ្មោះ (PoR) ពោលគឺបណ្ណស្ថានភាពស្របច្បាប់អន្តោប្រវេសន៍ ដែលបានផុតកំណត់ចុងខែមិថុនា។ ជនភៀសខ្លួនជាច្រើនសង្ឃឹមថានឹងមានការបន្ថែមពេល ១ឆ្នាំទៀតដើម្បីដោះស្រាយកិច្ចការផ្ទាល់ខ្លួន ដូចជាការលក់អចលនទ្រព្យ ឬការបញ្ចប់អាជីវកម្ម មុនពេលត្រឡប់ទៅអាហ្វហ្គានីស្ថានវិញ។

ការសម្រេចចិត្តចុងក្រោយបំផុតកាលពីថ្ងៃចន្ទនេះ បានទាក់ទាញការរិះគន់ខ្លាំងពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ដែលជាទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។ យ៉ាងហោចណាស់មានជនជាតិអាហ្វហ្គានីស្ថានចំនួន ១,២លាននាក់ ត្រូវបានបង្ខំឱ្យត្រឡប់ទៅប្រទេសកំណើតវិញ ពីអ៊ីរ៉ង់ និងប៉ាគីស្ថាន នៅឆ្នាំ២០២៥នេះ យោងតាមរបាយការណ៍ខែមិថុនា ចេញផ្សាយដោយ UNHCR។
ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានលើកនូវក្ដីបារម្ភថា ការធ្វើមាតុភូមិនិវត្តន៍ក្នុងទ្រង់ទ្រាយធំបែបនេះអាចធ្វើឱ្យស្ថានការណ៍ផុយស្រួយរួចទៅហើយនៅអាហ្វហ្គានីស្ថាន កាន់តែអស្ថិរភាពថែមទៀត ជាទីដែលរដ្ឋាភិបាលតាលីបង់ បានចូលកាន់អំណាចនៅឆ្នាំ២០២១៕


