នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif កាលពីថ្ងៃចន្ទ (០៤ សីហា) បានបញ្ជាឱ្យក្រសួងបម្រែបម្រួលអាកាសធាតុរបស់ប្រទេស ចាត់វិធានការបង្កើតមូលនិធិសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុអាក្រក់ ខណៈចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសចាប់តាំងពីចុងខែមិថុនាមក បានកើនឡើងដល់ ៣០០នាក់។
ការិយាល័យនាយករដ្ឋមន្រ្តីប៉ាគីស្ថានបាននិយាយថា លោក Sharif ចុះទៅដល់ទីក្រុង Gilgit ភាគខាងជើង កាលពីថ្ងៃចន្ទ ដើម្បីពិនិត្យមើលស្ថានភាពទឹកជំនន់នៅក្នុងតំបន់ និងការខូចខាតដែលបង្កឡើងក្នុងរដូវភ្លៀង ហើយបានដឹកនាំកិច្ចប្រជុំជាន់ខ្ពស់មួយ។ លោក Sharif បាននិយាយថា "ក្រុមមន្ត្រីក្រសួងបម្រែបម្រួលអាកាសធាតុបានចូលរួមកិច្ចប្រជុំពិភពលោកជាច្រើន ហើយពួកគេគួរតែនាំយកថវិកាមួយចំនួន បង្កើតមូលនិធិសម្រាប់ហេដ្ឋារចនាសម្ព័ន្ធធន់នឹងអាកាសធាតុ"។

ប៉ាគីស្ថាន ដែលមានផ្ទាំងទឹកកកធំៗជាង ៧.០០០ផ្ទាំង បានជាប់ក្នុងចំណោមប្រទេសងាយរងគ្រោះបំផុតចំពោះអាកាសធាតុ បើទោះជាប្រទេសនេះរួមចំណែកតិចជាង ១% ប៉ុណ្ណោះនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ពិភពលោកក៏ដោយ។ ប៉ាគីស្ថានជួបប្រទះនូវអាកាសធាតុខុសប្រក្រតីកាន់តែខ្លាំងឡើងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងរលកកម្ដៅកម្រិតបំបែកកំណត់ត្រា គ្រោះរាំងស្ងួត និងព្យុះធ្ងន់ធ្ងរជាដើម។
យោងតាមរបាយការណ៍ចុងក្រោយរបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDMA) ប៉ាគីស្ថានបានឱ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ ៣០០នាក់ ចាប់តាំងពីថ្ងៃទី២៦ ខែមិថុនា ពីឧប្បត្តិហេតុទាក់ទងនឹងភ្លៀងនៅប៉ាគីស្ថាននោះ មានអ្នកស្លាប់ ១៤០នាក់ គឺជាកុមារ។ តំបន់ Punjab ប៉ាគីស្ថាន បានរាយការណ៍ថាមានអ្នកស្លាប់ខ្ពស់បំផុតគឺជាង ១៦០នាក់ បន្ទាប់មកគឺខេត្ត Khyber Pakhtunkhwa (KP) ភាគពាយព្យ និងកន្លែងផ្សេងទៀតទូទាំងប្រទេស៕

