អ៊ីស្រាអែល កំពុងវាយកម្ទេចផ្ទះសម្បែងរបស់ជនជាតិប៉ាឡេស្ទីនកាន់តែច្រើននៅឆ្នាំ២០២៥នេះ ទូទាំងតំបន់កាន់កាប់ West Bank រួមទាំងក្រុងហ្សេរុយសាឡិមខាងកើតដែលត្រូវកាន់កាប់ ក្នុងអត្រាខ្ពស់ជាងឆ្នាំមុនៗ ចាប់តាំងពីការកាន់កាប់បានចាប់ផ្តើមនៅឆ្នាំ១៩៧៦មក ជាអ្វីដែលក្រុមអ្នកជំនាញបានចោទប្រកាន់ថាមានបំណងបណ្ដេញជនប៉ាឡេស្ទីនចេញពីទីនោះ។
យោងតាមអង្គការសហប្រជាជាតិ អាជ្ញាធរអ៊ីស្រាអែលបានបំផ្លាញរចនាសម្ព័ន្ធចំនួន ៧៨៣ទីតាំងរួចមកហើយ ដែលជាតួលេខមិនរាប់បញ្ចូលការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំនៅក្នុងជំរំជនភៀសខ្លួននោះទេ ដែលនាំឱ្យមនុស្សចំនួនជាង ១ពាន់នាក់ត្រូវជម្លៀសខ្លួនចេញដោយបង្ខំ។

នៅជំរំជនភៀសខ្លួនប៉ាឡេស្ទីននានា អ៊ីស្រាអែលបានបំផ្លាញរចនាសម្ព័ន្ធប្រហែល ៦០០កន្លែងនៅជំរំ Jenin និងរចនាសម្ព័ន្ធ ៣០០កន្លែង រួមបញ្ចូលគ្នានៅក្នុងជំរំ Tulkarem និង Nur Shams ជាផ្នែកមួយនៃការវាយឆ្មក់ផ្នែកយោធា ដែលខ្លួនចាប់ផ្តើមនៅដើមឆ្នាំ២០២៥ នេះបើតាមតួលេខរាយការណ៍នៅថ្ងៃចន្ទ (០៤ សីហា) ដែលសារព័ត៌មាន Al Jazeera ទទួលបានពីអង្គការសិទ្ធិមនុស្សប៉ាឡេស្ទីន Al-Haq។
ក្រុមសិទ្ធិមនុស្ស ជនស៊ីវិល និងអ្នកវិភាគបានចោទប្រកាន់ថា គោលបំណងពិតប្រាកដនៃកលល្បិចរបស់អ៊ីស្រាអែលនេះ – ពោលគឺការរុះរើផ្ទះសម្បែងជាប្រព័ន្ធ និងការជម្លៀសខ្លួនដោយបង្ខំ— គឺមានគោលបំណងធ្វើឱ្យជីវិតប្រជាជនប៉ាឡេស្ទីនមិនអាចទ្រាំទ្របាន ដូច្នេះអ្នកស្រុកកាន់តែច្រើននឹងគិតគូរចាកចេញពីទីនោះដោយខ្លួនឯង។ Al Jazeera បានរាយការណ៍ថា ចាប់តាំងពីដើមឆ្នាំនេះមក ប្រជាជនប៉ាឡេស្ទីនប្រហែល ៤០.០០០នាក់ បានភៀសខ្លួនចេញពីប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅក្នុងជំរំភៀសខ្លួន West Bank ទាំងនោះ៕

