ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb កាលពីថ្ងៃចន្ទ (ទី៤ ខែសីហា) បានប្រាប់ឲ្យដឹងថា លោកបានជជែកតាមទូរសព្ទជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីពិភាក្សាអំពីសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ដោយបង្ហាញការគាំទ្រ ចំពោះកិច្ចប្រឹងប្រែងទាំងអស់ឆ្ពោះទៅរកការមានបទឈប់បាញ់ភ្លាមៗ។
លោក Trump បានគំរាមដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី និងអ្នកទិញប្រេងរបស់ប្រទេសនេះ ក្នុងនោះរួមមានទាំងឥណ្ឌា និងចិនផងដែរ ប្រសិនបើលោកប្រធានាធិបតី លោក Vladimir Putin មិនឈានដល់ការព្រមព្រៀងត្រឹមថ្ងៃសុក្រនេះ ដើម្បីបញ្ចប់សង្រ្គាមរយៈពេល ៣ឆ្នាំកន្លះ នៅអ៊ុយក្រែនទេនោះ។

តាមរយៈសារបង្ហោះនៅលើបណ្ដាញសង្គម X លោក Stubb បានរៀបរាប់ថា៖ «ពេលវេលាកំណត់របស់លោកប្រធានាធិបតី Trump ដើម្បីឲ្យមានបទឈប់បាញ់ កំពុងខិតជិតមកដល់។ ប្រទេសហ្វាំងឡង់គាំទ្រកិច្ចប្រឹងប្រែងទាំងអស់ឆ្ពោះទៅរកការមានបទឈប់បាញ់ភ្លាមៗ។ ការចរចារយៈពេលវែង ត្រូវតែនាំទៅរកសន្តិភាពយូរអង្វែង និងយុត្តិធម៌»។
ជាមួយគ្នានេះ លោក Stubb បានបន្ថែមទៀតថា ការសន្ទនា រវាងលោក និងលោក Trump ក៏គ្របដណ្តប់ផងដែរ លើការពិភាក្សាដែលកំពុងបន្តប្រព្រឹត្តទៅ អំពីនាវាបំបែកទឹកកក។
កាលពីខែមិថុនា លោក Trump បាននិយាយថា សហរដ្ឋអាមេរិកកំពុងចរចាទិញនាវាបំបែកទឹកកកចំនួន ១៥គ្រឿងពីប្រទេសហ្វាំងឡង់។ ហើយលោក Stubb បានបញ្ជាក់កាលពីថ្ងៃចន្ទថា៖ «ហ្វាំងឡង់បានសាងសង់ ៦០ភាគរយនៃនាវាបំបែកទឹកកករបស់ពិភពលោក។ យើងមានសមត្ថភាពសាងសង់នាវាទាំងនោះប្រកបដោយភាពជឿជាក់ និងក្នុងល្បឿនដ៏លឿន»៕

