បាល់ទាត់៖ ក្រុម Newcastle United បានសំរេចក្នុងការនាំយកកីឡាករចំនូលមួយរូបទៀតហើយ គឺខ្សែប្រយុទ្ធណូវែស៊ីឡង់ Chris Wood ពីក្លិបរួមលីគ Burnley ក្នុងតម្លៃ ២៥លានផោន។ កីឡាករវ័យ ៣០ឆ្នាំរូបនេះបានព្រមព្រៀងកិច្ចសន្យាលេងឱ្យក្លិបនៅកីឡដ្ឋាន St. James Park មួយនេះដល់ឆ្នាំ២០២៤។

អ្នកចាត់ការ Newcastle លោក Eddie Howe ត្រូវការកីឡាករនៅតំបន់ប្រយុទ្ធដើម្បីមកប៉ះប៉ូវខ្សែប្រយុទ្ធ Callum Wilson ដែលមានរបួសកំភួនជើងត្រូវនៅក្រៅទីលានដល់ទៅ ៨សប្តាហ៍។ Chris Wood ជាកីឡាករទី២ ដែលមកដល់ Newcastle តាំងពីការកាន់កាប់ដោយថៅកែថ្មីមហាសេដ្ឋីអារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពីខ្សែការពារ Kieran Trippier ដែលផ្លាស់ពី Atletico Madrid។ រំលឹកថា Chris Wood គឺជាកីឡាករថ្លៃបំផុតរបស់ Burnley ដែលទិញពី Leeds United ក្នុងតំលៃ ១៥លានផោនកាលពីឆ្នាំ២០១៧ ស៊ុតបញ្ចូលទីបាន ៥៣គ្រាប់ក្នុងការបង្ហាញខ្លួនសរុប ១៦៥ប្រកួតនៅ Burnley ខណៈរដូវកាលនេះរកបាន ៣គ្រាប់ក្នុងការបង្ហាញខ្លួន ១៧ប្រកួតនៅ English Premier League៕
អត្ថបទ៖នាង សុភាវុធ