រដ្ឋមន្ត្រីការពារជាតិហូឡង់ កាលពីថ្ងៃចន្ទ (ទី៤ ខែសីហា) បានប្រាប់ឲ្យដឹងថា ប្រទេសហូឡង់នឹងក្លាយជាអ្នករួមចំណែកដំបូងគេ ចំពោះយន្តការផ្តល់ហិរញ្ញប្បទានឈ្មោះ «បញ្ជីតម្រូវការអ៊ុយក្រែនជាអាទិភាព» (PURL) ថ្មីរបស់អង្គការណាតូ ដើម្បីផ្ដល់អាវុធឲ្យអ៊ុយក្រែន ដោយបង់ប្រាក់ចំនួន ៥០០លានអឺរ៉ូ (៥៧៨លានដុល្លារ)។
នៅក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្ដាញសង្គម X រដ្ឋមន្ត្រីការពារជាតិហូឡង់ លោក Ruben Brekelmans បានឲ្យដឹងថា៖ «អ៊ុយក្រែនត្រូវការប្រព័ន្ធការពារដែនអាកាស និងគ្រាប់រំសេវបន្ថែមទៀត ក្នុងពេលឥឡូវនេះ។ ក្នុងនាមជាសម្ព័ន្ធមិត្តដំបូងរបស់អង្គការណាតូ ហូឡង់នឹងផ្តល់កញ្ចប់ ៥០០លានអឺរ៉ូនៃប្រព័ន្ធសព្វាវុធរបស់សហរដ្ឋអាមេរិក (ក្នុងនោះរួមទាំងគ្រឿងបន្លាស់នៃប្រព័ន្ធ Patriot និងមីស៊ីលផងដែរ)»។

លោកបានបន្ថែមថា៖ «ការផ្ដល់នេះជួយរួមចំណែកឲ្យអ៊ុយក្រែនការការពារខ្លួនឯង និងប្រទេសអឺរ៉ុបផ្សេងទៀត ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័រក្រសួងការពារជាតិរបស់ប្រទេសហូឡង់ ក្រសួងបានឲ្យដឹងថា ប្រទេសផ្សេងទៀតក៏បានសន្យាផ្តល់ហិរញ្ញប្បទានក្រោមយន្តការថ្មីផងដែរ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីខែមុនថា សហរដ្ឋអាមេរិកនឹងផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន ដែលបង់ថ្លៃដោយសម្ព័ន្ធមិត្តអឺរ៉ុប ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិត អំពីរបៀបដែលនឹងដំណើរការនោះឡើយ៕


