មីយ៉ាន់ម៉ា៖ កម្លាំងសន្តិសុខសហភាពមីយ៉ាន់ម៉ា បានបើកការបាញ់ប្រហារទៅលើក្រុមបាតុករ ប្រឆាំងនឹងរដ្ឋប្រហារនៅទីប្រជុំជនមីយាំង (Myaing) កាលពីថ្ងៃព្រហស្បតិ៍ ដោយមានរបាយការណ៍ដែលមិនបានបញ្ជាក់ថា មានអ្នកស្លាប់ដល់ទៅ ៦នាក់។

វីដេអូមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម បង្ហាញពីហ្វូងមនុស្សអង្គុយក្រាបចុះនៅតាមដងផ្លូវ ខណៈពេលដែលស្នូរគ្រាប់កាំភ្លើងផ្ទុះឡើងជាបន្តបន្ទាប់។ រូបភាពបង្ហាញពីផ្សែងឧស្ម័នបង្ហូរទឹកភ្នែក ចាប់ផ្តើមហ៊ុមព័ទ្ធក្រុមបាតុករ ដែលបន្ទាប់មកបានរត់គេចខ្លួនចេញ យ៉ាងច្របូកច្របល់។ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ របាយការណ៍ពីអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បាននិយាយថា “ការបង្ក្រាបដោយប្រើកម្លាំងដ៏សាហាវ ត្រូវបានប្រើប្រាស់ក្នុងលក្ខណៈដែលបានគ្រោងទុកជាមុន និងបានជួយជ្រោមជ្រែងដោយនគរបាល និងទាហានក្នុងការបង្ក្រាបក្រុមប្រឆាំង នឹងរដ្ឋប្រហារយោធាកាលពីខែមុន។ របាយការណ៍បាននិយាយថា “ក្រុមអាជ្ញាធរយោធាត្រូវតែបញ្ឈប់ ការវាយប្រហារដ៏សាហាវរបស់ពួកគេជាបន្ទាន់ បន្ធូរបន្ថយស្ថានការណ៍នៅទូទាំងប្រទេស និងដោះលែងអ្នកដែលត្រូវបានឃុំឃាំងតាមអំពើចិត្ត។
ចំណែកនៅតំបន់មួយផ្សេងទៀតក្នុងសហភាពមីយ៉ាន់ម៉ា ក្រុមនគរបាលបង្ក្រាបកុបកម្មមីយ៉ាន់ម៉ា បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្បួនបាតុកម្ម ពីរដាច់ដោយឡែកពីគ្នានៅទីក្រុងដាវ៉េកាលពីថ្ងៃព្រហស្បតិ៍ ដោយបង្ខំឲ្យក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារបំបែកជួរ ចូលទៅកាន់កៀនដងផ្លូវនៃទីក្រុងភាគខាងត្បូង របស់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ៕
អត្ថបទ៖ សុខមាន