នាវាដែលបាញ់កាំជ្រួចផ្កាភ្ញី បានកើតជាអគ្គិភ័យឡើងនៅទីក្រុង Yokohama ប្រទេសជប៉ុន កាលពីយប់ថ្ងៃចន្ទ ក្រោយកាំជ្រួចដែលបានបាញ់ ធ្លាក់លើនាវាទាំងនោះ អំឡុងពេលពិធីបុណ្យ ។
យោងតាមការអះអាងរបស់នគរបាល និងមន្រ្តីឆ្មាំល្បាតឆ្នេរ ដកស្រង់សម្តីដោយទូរទស្សន៍ NHK បានឲ្យដឹងថា អគ្គិភ័យនេះ បានឆាបឆេះនាវា ២គ្រឿង ក្នុងចំណោមនាវា ៨គ្រឿងដែលត្រូវបានប្រើប្រាស់ ដើម្បីបាញ់កាំជ្រួចផ្កាភ្ញី ។

ទូរទស្សន៍ជប៉ុន NHK រាយការណ៍ថា ក្រុមការងារ ៥រូប នៅលើនាវាមួយគ្រឿងក្នុងចំណោមនាវាទាំងនេះ ត្រូវបានជួយសង្រ្គោះ ក្រោយពួកគេលោតចូលក្នុងទឹកសមុទ្រ ។
NHK ដកស្រង់សម្តីនាយកដ្ឋានពន្លត់អគ្គិភ័យរាយការណ៍ថា កម្មករម្នាក់ ត្រូវបាននាំទៅកាន់មន្ទីរពេទ្យ ដោយមានរបួសស្រាល ។
សារព័ត៌មានក្នុងស្រុករាយការណ៍ថា បច្ចុប្បន្ន ក្រុមអាជ្ញាធរ កំពុងបើកការស៊ើបអង្កេតលើមូលហេតុបណ្តាលឲ្យកើតមានអគ្គិភ័យឡើង ស្របពេលដែលក្រុមអ្នករៀបចំព្រឹត្តការណ៍ និយាយប្រាប់នគរបាលថា ប្រព័ន្ធបាញ់កាំជ្រួចផ្កាភ្ញី លែងអាចគ្រប់គ្រងបាន ៕
