ជនប៉ាឡេស្ទីននាំគ្នាឈរតម្រង់ជួរយ៉ាងវែងនៅផ្ទះបាយស៊ុបបណ្តោះអាសន្ន ស្ថិតក្នុងទីក្រុង Khan Younis ដោយពួកគេសង្ឃឹមថានឹងទទួលបានអាហារមួយចំណែក ។
លោក Hassan Abu Zayed វ័យ ៦២ឆ្នាំ និយាយថា គាត់បានរង់ចាំតាំងពីព្រឹកមកម្ល៉េះ ដើម្បីទទួលអាហារសម្រាប់កូនៗនៅក្នុងគ្រួសាររបស់គាត់ ។ គាត់ថា មនុស្សជាច្រើនដូចជារូបគាត់ ជំនួយលែងមានទៀតហើយ ។

ក្រសួងសុខាភិបាលហ្កាហ្សា និយាយកាលពីថ្ងៃចន្ទថា មនុស្ស ៥នាក់បន្ថែមទៀត បានស្លាប់ដោយសារភាពអត់ឃ្លានក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ។ ចំនួនមនុស្សស្លាប់ថ្មីនេះដែរ បានធ្វើឲ្យមនុស្សស្លាប់សរុបដោយសារភាពអត់ឃ្លានកើនឡើងដល់ ១៨០នាក់ រួមទាំងកុមារ ៩៣នាក់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិ(UN) បាននិយាយថា ការទម្លាក់ជំនួយស្បៀងអាហារ មិនគ្រប់គ្រាន់នោះទេ ហើយអ៊ីស្រាអែល ត្រូវតែអនុញ្ញាតឲ្យជំនួយចូលបន្ថែមទៀតតាមជើងគោក និងបន្ធូរបន្ថយការចូលជំនួយជាបន្ទាន់ ។
ទីភ្នាក់ងារ COGAT ដែលជាទីភ្នាក់ងារយោធាអ៊ីស្រាអែលសម្របសម្រួលជំនួយ និយាយថា អំឡុងរយៈពេល ១សប្តាហ៍កន្លងមកនេះ ជំនួយមនុស្សធម៌ទម្ងន់ជាង ២៣.០០០តោន តាមរថយន្ត ១.២០០គ្រឿង បានចូលតំបន់ហ្កាហ្សា ប៉ុន្តែរថយន្តរាប់រយគ្រឿង ពុំត្រូវបានបើកទៅកាន់មជ្ឈមណ្ឌលចែកជំនួយនោះទេ ដោយ UN និងអង្គការអន្តរជាតិផ្សេងទៀត ៕
