បាល់ទាត់៖ ក្រុមដែលសល់គ្នាតែ ១០នាក់កាំភ្លើងធំ Arsenal បានទប់ស្មើនៅទឹកដី Liverpool ០-០ នៃការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup។ ខ្សែបម្រើស្វ៊ីស Granit Xhaka បានទទួលកាតក្រហមបណ្តេញចេញពីការប្រកួតតាំងពីនាទីទី២៤ បន្ទាប់ពីធ្វើឱ្យមានកំហុសក្នុងឱកាសរកគ្រាប់បាល់លើ Diogo Jota។

ក្រុមរបស់លោក Jurgen Klopp មានឱកាសសម្រុកជាច្រើន ក៏ដូចជាការគ្រប់គ្រងបាល់ច្រើនលើសលុបលើ Arsenal តែមិនអាចធ្វើអ្វីលើសពីនេះបាន។ ក្រោយចប់ការប្រកួតអ្នកចាត់ការ Arsenal លោក Mikel Arteta បានកោតសរសើរកូនក្រុមទាំងអស់ពីសាមគ្គីភាព ជាពិសេសនៅតំបន់ការពារ។ ក្រុមទាំងពីរនឹងជួបគ្នាម្តងទៀតនៅទឹកដីកីឡដ្ឋាន Emirate របស់ Arsenal ជើងទី២ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ ខណៈអ្នកឈ្នះនឹងឡើងទៅជួបជាមួយតោខៀវ Chelsea នៅកីឡដ្ឋាន Wembley វគ្គផ្តាច់ព្រ័ត្រចុងខែកុម្ភៈ៕
អត្ថបទ៖នាង សុភាវុធ