ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា នៅថ្ងៃអង្គារ (ទី៥ ខែសីហា) នេះ គណៈរដ្ឋមន្ត្រីរបស់អ៊ីស្រាអែល អាចអនុញ្ញាតឲ្យយោធាកាន់កាប់ទាំងស្រុងលើតំបន់ហ្កាហ្សា ជាលើកដំបូង ក្នុងរយៈពេល ២ទសវត្សរ៍ បើទោះបីជាអន្តរជាតិ ដាក់សម្ពាធឲ្យមានបទឈប់បាញ់ ដើម្បីបន្ធូរបន្ថយស្ថានភាពដ៏គួរឲ្យតក់ស្លុត នៅក្នុងដែនដីប៉ាឡេស្ទីនដែលត្រូវបានឡោមព័ទ្ធនេះក៏ដោយ។
ទូរទស្សន៍អ៊ីស្រាអែល Channel 12 បានរាយការណ៍ថា នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu កំពុងងាកទៅរកការពង្រីកការវាយលុក និងគ្រប់គ្រងដែនដីនេះទាំងមូល បន្ទាប់ពីមានសង្គ្រាមរយៈពេល ២២ខែ ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស។
កាលពីថ្ងៃចន្ទ ប្រភពជាន់ខ្ពស់អ៊ីស្រាអែលបានប្រាប់សារព័ត៌មាន Reuters ថា ការបន្ថែមកម្លាំងទៀត គឺជាជម្រើសមួយ ក្រោយការដួលរលំនៃកិច្ចចរចាបទឈប់បាញ់ដោយប្រយោលជាមួយក្រុមហាម៉ាស។

ការក្រសោបយកដែនដីនេះទាំងមូល នឹងកែប្រែការសម្រេចឆ្នាំ២០២៥ របស់អ៊ីស្រាអែល ដែលបានដកអ្នកតាំងទីលំនៅ និងយោធាចេញពីតំបន់ហ្កាហ្សា ខណៈពេលដែលបន្តការគ្រប់គ្រងលើព្រំដែនរបស់ខ្លួន ជាចំណាត់ការដែលគណបក្សស្តាំនិយម ផ្ដល់ហេតុផលថា បានជួយឲ្យក្រុមហាម៉ាសទទួលបានអំណាចនៅទីនោះ។
តែយ៉ាងណាក្តី គេមិនទាន់ច្បាស់ទេថា តើលទ្ធភាពនៃការដណ្តើមគ្រប់គ្រងតំបន់ហ្កាហ្សាទាំងស្រុង នឹងតម្រូវឲ្យមានការកាន់កាប់យូរអង្វែង ឬត្រឹមតែជាប្រតិបត្តិការរយៈពេលខ្លី ក្នុងគោលបំណងកម្ទេចក្រុមហាម៉ាស និងនាំឲ្យចំណាប់ថ្នូរត្រលប់មកវិញ ឬយ៉ាងណា។
រដ្ឋាភិបាលចម្រុះរបស់អ៊ីស្រាអែល ត្រូវបានចាត់ទុកថា ជាក្រុមស្តាំនិយមបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ ដោយគណៈរដ្ឋមន្ត្រី ដែលរួមមានភាគីជាច្រើន ស្វែងរកការបញ្ចូលជាដែនដីឧបសម្ព័ន្ធទាំងតំបន់ហ្កាហ្សា និងតំបន់ West Bank ហើយជំរុញឲ្យប្រជាជនប៉ាឡេស្ទីនចាកចេញពីស្រុកកំណើតរបស់ពួកគេ៕


