លោកឧត្តមសេនីយ៍ Dariusz Lukowski ប្រធានការិយាល័យសន្តិសុខជាតិនៃទីភ្នាក់ងារស៊ើបការរបស់ប្រទេសប៉ូឡូញ បាននិយាយថា លោក ឧត្តមសេនីយ៍ទោ Alexus Grynkewich ដែលជាមេបញ្ជាការសម្ព័ន្ធមិត្តកំពូលរបស់អង្គការណាតូ នៅអឺរ៉ុបមានចេតនាបានបង្ហាញរឿងជាច្រើន នៅពេលដែលលោកបានអះអាងថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រឈមមុខនឹងប្លុកនេះ នៅឆ្នាំ ២០២៧ ខណៈដែលលោកបានព្យាយាមដាក់សម្ពាធលើសម្ព័ន្ធមិត្តអឺរ៉ុប និងរដ្ឋបាលសហរដ្ឋអាមេរិក ដើម្បីរក្សាកងទ័ពអាមេរិក នៅអឺរ៉ុប។

លោកបានចង្អុលបង្ហាញនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានប៉ូឡូញ Rzeczpospolita ថា៖«ខ្ញុំជឿថា សេណារីយោនេះ គឺផ្អែកលើការបំផ្លើស»។ «គោលដៅទី១នៃការកត់សម្គាល់របស់លោក Grynkewich គឺដើម្បីដាក់សម្ពាធលើសម្ព័ន្ធមិត្តអឺរ៉ុប ដើម្បីធ្វើឲ្យពួកគេទទួលយកតម្រូវការ ក្នុងការបង្កើនសមត្ថភាពយោធារបស់ពួកគេ ឲ្យបានខ្លាំងក្លា។ គោលដៅទី២ គឺទាក់ទងនឹងគោលនយោបាយក្នុងស្រុក។ ការទាក់ទាញការយកចិត្តទុកដាក់ចំពោះការគំរាមកំហែង គឺជាផ្នែកមួយនៃសម្ពាធនយោបាយ ដែលទាក់ទងនឹងផែនការ ដើម្បីពិចារណាឡើងវិញអំពីវត្តមានរបស់ទាហានអាមេរិក នៅក្នុងទ្វីបអឺរ៉ុប»។
ប្រមុខចារកម្មប៉ូឡូញរូបនេះ បានសង្កត់ធ្ងន់ថា៖«ខ្ញុំមិនជឿថា មានហានិភ័យភ្លាមៗនៃជម្លោះដែលផ្ទុះឡើងនៅអឺរ៉ុបទេ ទោះបីជាការគំរាមកំហែងរយៈពេលវែង នៅតែសំខាន់ក៏ដោយ»។
នាពេលមុននេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ថា ប្រទេសណាតូ គឺជាប្រទេសដែល «បង្កើតរឿងគួរឲ្យរន្ធត់» អំពីការគំរាមកំហែងរបស់រុស្ស៊ី។ បើតាមលោក ពួកគេគ្រាន់តែ និយាយកុហកបោកប្រាស់ប្រជាជនរបស់ពួកគេប៉ុណ្ណោះ។
