ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាថ្មីម្តងទៀត បានអំពាវនាវឱ្យពលករដែលទើបត្រលប់មកពីថៃ អាចទាក់ទងទៅកាន់លេខ ១២៩៧ បានដោយឥតគិតថ្លៃ ដើម្បីទទួលបានឱកាសការងារដ៏សម្បូរបែបនៅកម្ពុជា និងខណៈក្រុមហ៊ុន រោងចក្រ សហគ្រាស កំពុងត្រូវការកម្លាំងពលកម្មសរុបចំនួនប្រមាណ ២៥ម៉ឺនកន្លែង។
ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា បើបូកសរុបទាំងឱកាសការងារដែលកំពុងមានស្រាប់នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស និងឱកាសការងារដែលនឹងបន្តមានជាបន្តបន្ទាប់តាមរយៈការវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កម្ពុជាមានឱកាសការងារសរុបជាង ៥៥ម៉ឺនកន្លែង។
ដូចនេះ ឯកឧត្តម បានអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលទើបមកពីថៃ សូមស្វែងរកការងារនៅគ្រប់ខេត្តក្រុង ជាពិសេសរាជធានីភ្នំពេញ ស្វាយរៀង កំពង់ស្ពឺ តាកែវ និងព្រះសីហនុជាដើម៕









