អាជ្ញាធរ នៅថ្ងៃអង្គារ (ទី៥ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា ភាគខាងជើងប្រទេសវៀតណាម កំពុងឡើងកម្ដៅយ៉ាងខ្លាំង ក្រោមរលកកម្ដៅហួតហែង ដោយទីតាំង ១៧កន្លែង នៅទូទាំងខេត្តចំនួន ៧ ត្រូវបានរាយការណ៍ថា មានសីតុណ្ហភាពខ្ពស់បំផុត សម្រាប់ខែសីហា ហើយតម្រូវការអគ្គិសនីកើនឡើង នៅពេលដែលប្រជាជនព្យាយាមធ្វើឲ្យរាងកាយមានភាពត្រជាក់។
អាកាសធាតុបានឡើងដល់កម្រិតក្ដៅខ្លាំងបំផុត កាលពីថ្ងៃទី៣ និងទី៤ ខែសីហា នៅទូទាំងតំបន់ដីសណ្តទន្លេក្រហមដែលមានប្រជាជនរស់នៅយ៉ាងច្រើនកកកុញ ជាតំបន់ឧស្សាហកម្ម និងកសិកម្មដ៏សំខាន់មួយ ដោយរដ្ឋធានីហាណូយចាប់ផ្ដើមថ្ងៃដំបូងនៃខែសីហាជាមួយនឹងកម្ដៅលើសពី ៤០អង្សាសេ។

ទោះបីជាប្រទេសវៀតណាមជួបប្រទះនឹងអាកាសធាតុក្តៅជារៀងរាល់ឆ្នាំក៏ដោយ ក៏អ្នកវិទ្យាសាស្ត្រ បានលើកឡើងថា បម្រែបម្រួលអាកាសធាតុដែលជំរុញដោយសា្នដៃមនុស្ស កំពុងបង្កឲ្យមានគំរូអាកាសធាតុកាន់តែអាក្រក់ខ្លាំង ក្នុងនោះរួមទាំងសីតុណ្ហភាពក្ដៅខ្លាំងផងដែរ។ ផ្លូវដែលជាធម្មតាមានសភាពអ៊ូអរ ក្នុងទីក្រុងហាណូយ បានស្ងប់ស្ងាត់កាលពីថ្ងៃទី៣ ខែសីហា ខណៈអ្នកស្រុកសម្ងំនៅតែក្នុងផ្ទះសម្បែង ដើម្បីគេចចេញពីកម្ដៅក្ដៅសឹងទ្រាំមិនបាននេះ។
កំណត់ត្រារលកកម្ដៅ កាលពីមុន ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២៤ ត្រូវបានបំបែកនៅស្ថានីយ៍កត់ត្រាអាកាសធាតុចំនួន ១៧កន្លែង នៅជុំវិញភាគខាងជើង ទោះបីជាការព្យាករ អំពីការមានភ្លៀងធ្លាក់ សម្រាប់ល្ងាចថ្ងៃទី៥ ខែសីហា ត្រូវបានគេរំពឹងថា នឹងនាំមកនូវសីតុណ្ហភាពត្រជាក់បន្តិចក៏ដោយ៕

