ផ្ទៃមេឃពណ៌ខ្មៅ បង្កឲ្យមានភ្លៀងធ្លាក់ជាប់កំណត់ត្រានៅទីក្រុងហុងកុង និងទីក្រុងបច្ចេកវិទ្យាខ្ពស់ជាច្រើនទៀត ជុំវិញតំបន់វាលទំនាបដីល្បាប់ Pearl River Delta បង្អាក់ដល់សេវាកម្មមន្ទីរពេទ្យ បិទទ្វារសាលារៀន និងអគារតុលាការនៅទូទាំងទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុប្រចាំអាស៊ីមួយនេះ ។
ក្រុមអាជ្ញាធរឧតុនិយមក្រុង និយាយថា ភ្លៀងធ្លាក់កម្ពស់ជាង ៣៥០មីលីម៉ែត្រ បានធ្លាក់នៅទីក្រុងហុងកុងគិតត្រឹមវេលាម៉ោង ២ រសៀល ដែលជាចំនួនទឹកភ្លៀងខ្ពស់បំផុតក្នុង ១ថ្ងៃ សម្រាប់ខែសីហា ចាប់តាំងពីឆ្នាំ ១៨៨៤ ។

រូបភាពវីដេអូឃ្លីបឃើញចរន្តទឹកហូរធ្លាក់តាមចំណោតជើងភ្នំ នៅអតីតដែនអាណានិគមអង់គ្លេសមួយនេះ បង្កើតបានជាចរន្តទឹកហូរពណ៌សធ្លាក់តាមជញ្ជាំងភ្នំ ។
ភ្លៀងធ្លាក់ខ្លាំងនេះដែរ ជំរុញឲ្យមន្ទីរឧតុនិយម បន្តការព្រមានព្យុះភ្លៀងខ្លាំង រហូតដល់ម៉ោង ៥ល្ងាច ម៉ោងក្នុងស្រុក ។
ព្យុះភ្លៀងនេះដែរ បានកើតមានឡើង បន្ទាប់ពីទឹកជំនន់ដ៏គំហុកនៅតំបន់ភាគខាងត្បូងប្រទេសចិន កាលពីចុងសប្តាហ៍កន្លងទៅ បណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់នៅខេត្ត Guangdong និងជំរុញឲ្យមានប្រតិបត្តិការរុករកទ្រង់ទ្រាយធំ ពាក់ព័ន្ធនឹងក្រុមជួយសង្រ្គោះជាង ១.៣០០នាក់ ៕
