សហភាពអឺរ៉ុប (EU) នៅតែរំពឹងថា នឹងមិនមានភាពរលូននោះឡើយ នៅក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ប៉ុន្តែជឿថា ប្លុកមានគោលនយោបាយការពារដ៏ល្អ នៅក្នុងកិច្ចព្រមព្រៀង កាលពីថ្ងៃទី២៧ ខែកក្កដា ដើម្បីគ្របដណ្តប់ទំនិញភាគច្រើនដែលខ្លួននាំចេញទៅកាន់សហរដ្ឋអាមេរិកដោយអត្រាពន្ធអតិបរមា ១៥ភាគរយ។ នេះបើយោងតាមមន្ត្រីម្នាក់របស់ EU ដែលបានប្រាប់ឲ្យដឹងនៅថ្ងៃអង្គារ (ទី៥ ខែសីហា) នេះ។

មន្ត្រីរូបនេះបានបញ្ជាក់ថា៖ «យើងពិតណាស់រំពឹងថា ភាពច្របូកច្របល់បន្ថែមទៀត នឹងនៅតែមាន ប៉ុន្តែយើងមានគោលនយោបាយការពាច្បាស់លាស់ ពោលគឺអត្រាពន្ធ ១៥ភាគរយ លើគ្រប់មុខទំនិញទាំងអស់។ ប្រសិនបើរដ្ឋបាលរបស់សហរដ្ឋអាមេរិកមិនប្រកាន់ខ្ជាប់នូវចំណុចនោះ យើងមានមធ្យោបាយ ដើម្បីឆ្លើយតប ចំពោះបញ្ហានេះ»។
មន្ត្រីរូបនេះបានបន្ថែមថា៖ «ស្ថានភាពតម្រូវឲ្យមានការដោះស្រាយ យើងមិនបានដោះស្រាយអ្វីៗគ្រប់យ៉ាង ក្នុងពេលតែមួយនោះទេ ប៉ុន្តែយើងមានមូលដ្ឋានគ្រឹះដ៏រឹងមាំ ហើយយើងបានផ្លាស់ប្តូរវិធីសាស្រ្តជាមូលដ្ឋានជាមួយសហរដ្ឋអាមេរិក។ បណ្ដាប្រទេសផ្សេងទៀតស្ថិតនៅក្នុងស្ថានភាពអាក្រក់ខ្លាំងជាងយើង»៕
