ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍នៅថ្ងៃអង្គារនេះថា ភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារទីក្រុង Huizhou ស្ថិតនៅភាគខាងត្បូងប្រទសចិន បណ្តាលឲ្យមានការប្រកាសអាសន្នទឹកជំនន់កម្រិតទី ២ និងបិទតំបន់ទេសចរណ៍ជាច្រើនកន្លែង ។
ទឹកនៅតាមទន្លេចំនួន ៣បានឡើងដល់កម្រិតពីលើការប្រកាសអាសន្ន រួមទាំងទឹកទន្លេ Danshui ដែលបានឡើងដល់កម្រិតគ្រោះថ្នាក់ ២,១៩ម៉ែត្រ ។
មនុស្សជាង ៧.៥០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់វាលទំនាប រួមទាំងស្រុក Huiyang ជាទីដែលដងផ្លូវប្រែក្លាយជាដងទន្លេ ។ បុគ្គលិកសង្រ្គោះបន្ទាន់ បានប្រើប្រាស់ទូក ដើម្បីជួយសង្រ្គោះអ្នកស្រុកជាប់ខ្លួន ។
ភ្លៀង បានធ្លាក់ឥតឈប់ឈរ ចាប់តាំងពីថ្ងៃព្រហស្បតិ៍ទី ៣១ ខែកក្កដារហូតមក ក្នុងនោះទឹកភ្លៀងកម្ពស់ ១៥៦មីលីម៉ែត្រ ត្រូវបានរកឃើញក្នុងរយៈពេល ២៤ម៉ោងនៅទីក្រុង Huiyang ។
ការទប់ទឹកត្រូវបានធ្វើឡើងនៅជិតស្ពាន ដើម្បីការពារទឹកទន្លេហូរចូលតំបន់ជនបទ ។ ក្រុមអាជ្ញាធរព្រមានពីភ្លៀងធ្លាក់បន្ត និងរក្សាការប្រយ័ត្នខ្ពស់ចំពោះការជន់លិចបន្ថែមទៀត ៕