គណៈរដ្ឋមន្ត្រីរបស់លីបង់ នឹងជួបប្រជុំគ្នានៅថ្ងៃអង្គារ (ទី៥ ខែសីហា) នេះ ដើម្បីពិភាក្សា អំពីអាវុធរបស់ក្រុមហេសបូឡា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បង្កើនសម្ពាធលើរដ្ឋមន្ត្រីនៃប្រទេសនេះឲ្យប្តេជ្ញាជាសាធារណៈ ក្នុងការដកហូតអាវុធក្រុមដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ ហើយស្របពេលមានការភ័យខ្លាចថា អ៊ីស្រាអែលអាចបង្កើនការវាយប្រហារ ប្រសិនបើពួកគេមិនអាចសម្រេចបញ្ហានេះបានទេនោះ។
សម័យប្រជុំដែលត្រូវបានកំណត់នៅម៉ោង ៣:០០រសៀល ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១២:០០ ម៉ោងសកល) នៅវិមានប្រធានាធិបតីនៃប្រទេសលីបង់ គឺជាលើកទី ១ ហើយ ដែលគណៈរដ្ឋមន្ត្រី នឹងពិភាក្សាអំពីជោគវាសនា ពាក់ព័ន្ធនឹងអាវុធរបស់ក្រុមហេសបូឡា ពោលគឺជារឿងនឹកស្មានមិនដល់ នៅពេលដែលក្រុមនេះ បានស្ថិតនៅទីកំពូលនៃការកាន់អំណាចត្រឹមតែ ២ឆ្នាំកន្លងទៅ។
សម្ពាធពីគូប្រជែងក្នុងប្រទេសរបស់ក្រុមហេសបូឡា និងពីសហរដ្ឋអាមេរិក ដើម្បីឲ្យក្រុមនេះបោះបង់អាវុធរបស់ខ្លួន បានកើនឡើងបន្ទាប់ពីមានសង្គ្រាមកាលពីឆ្នាំមុនជាមួយអ៊ីស្រាអែល ជាការប្រយុទ្ធដែលបានសម្លាប់មេដឹកនាំធំៗជាច្រើនរូប និងអ្នកប្រយុទ្ធរាប់ពាន់នាក់របស់ក្រុមហេសបូឡា ព្រមទាំងបានបំផ្លាញឃ្លាំងអាវុធរ៉ូកែតជាច្រើនរបស់ក្រុមឧទ្ទាមមួយនេះផងដែរ។
កាលពីខែមិថុនា បេសកជនអាមេរិក លោក Thomas Barrack បានស្នើផែនទីបង្ហាញផ្លូវដល់មន្ត្រីលីបង់ ដើម្បីរំសាយទាំងស្រុងនូវអាវុធរបស់ក្រុមហេសបូឡា ជាថ្នូរនឹងការបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែល លើលីបង់ និងការដកកងទ័ពរបស់ប្រទេសនេះ ចេញពីចំណុចចំនួន ៥ ដែលពួកគេនៅតែកាន់កាប់នៅភាគខាងត្បូងប្រទេសលីបង់៕