ក្នុងសេចក្តីថ្លែងការណ៍ នាថ្ងៃអង្គារ (ទី៥ ខែសីហា) នេះ រដ្ឋាភិបាលន័រវែស បានឲ្យដឹងថា ប្រទេសស៊ុយអែត ន័រវែស និងដាណឺម៉ាក នឹងរួមគ្នាបរិច្ចាគប្រាក់ប្រហែល ៥ពាន់លានក្រូណាន័រវែស (៤៨៦លានដុល្លារ) ដល់គំនិតផ្តួចផ្តើមដែលដឹកនាំដោយអង្គការណាតូ ដើម្បីផ្គត់ផ្គង់ដល់អ៊ុយក្រែន ជាមួយនឹងអាវុធរបស់សហរដ្ឋអាមេរិក។
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីខែមុនថា សហរដ្ឋអាមេរិកនឹងផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន ដែលចំណាយប្រាក់ដោយសម្ព័ន្ធមិត្តអឺរ៉ុប ប៉ុន្តែមិនបានបង្ហាញថា តើនឹងមានដំណើរការយ៉ាងដូចម្ដេចនោះទេ។
ស៊ុយអែតបានឲ្យដឹងទៀតថា ចំណែករបស់ខ្លួននៃកញ្ចប់ជំនួយនេះ ដែលរួមមានមីស៊ីល Patriot និងឧបករណ៍ការពារដែនអាកាសផ្សេងទៀត ក៏ដូចជាគ្រាប់បែកប្រឆាំងរថក្រោះនោះ នឹងមានតម្លៃ ២៧៥លានដុល្លារ។
ឧបនាយករដ្ឋមន្ត្រីស៊ុយអែត លោកស្រី Ebba Busch បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារនេះថា «ការបន្តផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍អាមេរិកប្រភេទនេះ ដែលអឺរ៉ុបមិនអាចបញ្ចូនឲ្យបានក្នុងបរិមាណគ្រប់គ្រាន់នោះ គឺមានសារៈសំខាន់ សម្រាប់សមត្ថភាពការពាររបស់អ៊ុយក្រែន»។
អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយថា សម្ព័ន្ធភាពមានសេចក្ដីដឹងគុណ ចំពោះប្រទេសអឺរ៉ុបខាងជើងទាំង៣ សម្រាប់ការមានសកម្មភាពដ៏រហ័ស ក្នុងការផ្តល់មូលនិធិដល់កញ្ចប់ជំនួយនេះ។
អង្គការណាតូ បានឲ្យដឹងថា ខ្លួននឹងសម្របសម្រួលគំនិតផ្តួចផ្តើមឈ្មោះ «បញ្ជីតម្រូវការអ៊ុយក្រែនជាអាទិភាព» (PURL) របស់អង្គការនេះ។ មូលនិធិត្រូវបានផ្ដល់ដោយសមាជិកអឺរ៉ុបរបស់សម្ព័ន្ធភាព និងប្រទេសកាណាដា ហើយនឹងត្រូវបែងចែកជាកញ្ចប់ដែលមានតម្លៃប្រហែល ៥០០លានដុល្លារ។
កាលពីថ្ងៃចន្ទ ហូឡង់ គឺជាប្រទេសដំបូងគេដែលបានប្រកាសពីការចូលរួមរបស់ខ្លួន ជាមួយនឹងទឹកប្រាក់ ៥០០លានអឺរ៉ូ៕