ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍កាលពីថ្ងៃអង្គារ ៥ សីហាថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កំពុងព្យាយាមកាន់កាប់តំបន់ហ្កាហ្សាទាំងស្រុងដោយប្រើកម្លាំងយោធា ខណៈការចរចាបទឈប់បាញ់ជាមួយក្រុមហាម៉ាសបានបរាជ័យ ហើយការស្លាប់ដោយសារការអត់ឃ្លាន និងការវាយប្រហារនៅតែបន្តកើនឡើងនៅក្នុងដែនដីប៉ាឡេស្ទីនឡោមព័ទ្ធដោយអ៊ីស្រាអែលមួយនេះ។

មន្ត្រីអ៊ីស្រាអែលម្នាក់ បានប្រាប់សារព័ត៌មាន Reuters ថា លោក Netanyahu ត្រូវគេរំពឹងថានឹងជួបក្រុមមន្ត្រីសន្តិសុខជាន់ខ្ពស់ រួមទាំងរដ្ឋមន្ត្រីការពារជាតិលោក Israel Katz និងប្រធានសេនាធិការយោធា លោក Eyal Zamir ដើម្បីប្រជុំសម្រេចចុងរក្រោយនៃយុទ្ធសាស្ត្រថ្មីសម្រាប់ការពិចារណាគណៈរដ្ឋមន្ត្រីនៅសប្តាហ៍នេះ ។រដ្ឋមន្ត្រីក្រសួងកិច្ចការយុទ្ធសាស្ត្រ លោក Ron Dermer ដែលជាមនុស្សស្និទ្ធនឹងលោក Netanyahu ក៏នឹងចូលរួមផងដែរ។ អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ បានហៅរបាយការណ៍នានាអំពីការសម្រេចចិត្តដែលអាចកើតឡើងក្នុងការពង្រីកប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ទូទាំងតំបន់ហ្កាហ្សា ស្ទ្រីប ថា ជារឿងគួរឲ្យបារម្ភបំផុតប្រសិនបើជាការពិត។
ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Miroslav Jenca បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានភាពនៅហ្កាហ្សាថា ទង្វើបែបនេះ នឹងប្រឈមផលវិបាកដ៏មហន្តរាយ និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ចំណាប់ខ្មាំងដែលនៅសេសសល់ក្នុងតំបន់ហ្កាហ្សាថែមទៀត។ទូរទស្សន៍ប៉ុស្តិ៍លេខ12របស់អ៊ីស្រាអែល ដែលដកស្រង់សម្តីមន្ត្រីម្នាក់នៅក្នុងការិយាល័យរបស់លោក Netanyahu បាននិយាយថា នាយករដ្ឋមន្ត្រីកំពុងងាកទៅរកការគ្រប់គ្រងពេញលេញលើដែនដីមួយនេះ។យ៉ាងណាក៏ដោយ គេនៅតែមិនច្បាស់ថាតើនេះមានន័យថាជាការកាន់កាប់រយៈពេលវែង ឬប្រតិបត្តិការមានកំណត់ក្នុងការបោសសម្អាតក្រុមហាម៉ាស និងជួយសង្គ្រោះចំណាប់ខ្មាំង។ ការិយាល័យនាយករដ្ឋមន្ត្រីបានបដិសេធមិនធ្វើអត្ថាធិប្បាយទេជុំវិញរឿងនេះ៕


